រដ្ឋសភាកម្ពុជាគាំទ្រលើកទឹកចិត្តឱ្យក្មេងស្រីមានភាពក្លាហ៊ាននិងចូលរួមកាន់តែសកម្ម ក្នុងតួនាទីជាអ្នកដឹកនាំទៅថ្ងៃអនាគត

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
MC៖ អនុប្រធានរដ្ឋសភាកម្ពុជាគាំទ្រលើកទឹកចិត្តដល់ក្មេងស្រីត្រូវមានភាពក្លាហ៊ាននិងចូលរួមឱ្យកាន់តែសកម្មក្នុងតួនាទីជាអ្នកសម្រេចចិត្ត និងភាពជាអ្នកដឹកនាំដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យរីកចំរើន។

ថ្លែងក្នុង យុទ្ធនាការយុវជន នៃអ្នកនយោបាយស្រ្តីឆ្ពោះទៅកាន់ភាពជាដឹកនាំនាព្រឹកថ្ងៃទី១៨ខែវិច្ឆិកា នៅវិមានរដ្ឋសភា លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួនសុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានក្រុមសភាជាតិ នៃអ្នកនយោបាយស្រ្តីបានមានប្រសាសន៍ថា រដ្ឋសភា បង្កើតយុទ្ធនាការយុវជន នៃអ្នកនយោបាយស្រ្តីឆ្ពោះទៅកាន់ភាពជាដឹកនាំជាលើកដំបូងនេះដើម្បីលើកកម្ពស់ការផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅតាមបណ្តាញសង្គមសំដៅបណ្តុះបណ្តុះគំនិតក្មេងស្រីទាំងអស់មានក្តីសុបិន្ត ហ៊ានសុបិន្ត និងយកគម្រូតាមអ្នកនយោបាយជាស្រ្តីនៅកម្ពុជាតាមរយៈការចែករំលែកបទពិសោធន៍ការងារដល់ក្មេងស្រី។
ជាមួយគ្នានេះ លោកជំទាវបានបញ្ជាក់ថា រដ្ឋសភា និងរាជដ្ឋាភិបាលបានធ្វើការងារយ៉ាងច្រើនក្នុងការជំរុញលើកកម្ពស់ក្មេងស្រីឱ្យមានក្តីសុបិន្ត និងចេះសម្រេចក្តីសុបិន្តរបស់ពួកគេតាមរយៈការអប់រំចាប់ពីមូលដ្ឋានរហូតដល់ថ្នាក់ឧត្តមសិក្សា បើកឱកាសឱ្យក្មេងស្រីចូលរួមក្នុងការងារសង្គម និងចែករំលែកបទពិសោធន៍ល្អពីការងារសង្គមសេដ្ឋកិច្ច និងនយោបាយដល់ក្មេងស្រីជាដើម។
កុមារី ខេន សុខលីរស់នៅរាជធានីភ្នំពេញដែលបានចូលរួមស្តាប់នូវយុទ្ធនាការយុវជន នៃអ្នកនយោបាយស្រ្តីឆ្ពោះទៅកាន់ភាពជាដឹកនាំនេះបានវាយតម្លៃខ្ពស់ចំពោះរដ្ឋសភាដែលបានផ្តល់ឱកាសដល់រូបនាងក៏ដូចជាក្មេងស្រីផ្សេងៗទៀតបានស្វែងយល់ពីការងាររបស់ថ្នាក់ដឹកនាំជាស្រ្តីពាក់ព័ន្ធទៅនឹងការងារនយោបាយ ការរដ្ឋបាល និងការងារសង្គមជាតិផ្សេងៗទៀត។
សូមបញ្ជាក់ថា យុទ្ធនាការយុវជន នៃអ្នកនយោបាយស្រ្តីឆ្ពោះទៅកាន់ភាពជាដឹកនាំនេះ គឺជាការផ្តូចផ្តើមពីថ្នាក់ដឹកនាំសភាកម្ពុជា ខណៈដែលសភាពិភពលោកភាគច្រើនគេបានរៀបចំយុទ្ធនាការនេះរួចហើយសំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ស្រ្តីក្មេងស្រីដែលបានកំពុងជួបប្រទះដូចជាគម្លាតយេនឌ័រ ភាពប្រឈម នៃការអភិវឌ្ឍ ជាពិសេសរនាំង ដែលរារាំងសមាសភាពស្រ្តី មិនឱ្យចូលរួមក្នុង វិស័យនយោបាយជាដើម៕