លោក Trump ជំរុញឱ្យមេដឹកនាំកូរ៉េខាងជើងក្នុងការ «ចាត់វិធានការយ៉ាងឆាប់រហ័ស» នឹងទទួលបានដំណោះស្រាយ  

AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានជំរុញឱ្យមេដឹកនាំកូរ៉េខាងជើង​លោក គីម-ជុង-អ៊ុន កាលពីថ្ងៃអាទិត្យ ឱ្យធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងឈានដល់​កិច្ច​ព្រម​​ព្រៀងជាមួយលោក ស្តីពីការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់របបនេះ។

ធ្វីតធ័រ(tweet)របស់លោក Trump បានកើតឡើងនៅពេលដែលកិច្ចចរចាអំពី​ការ​រំសាយអាវុធ រវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាងបានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូល​លើកទី២របស់មេដឹកនាំទាំងពីរកាលពីខែកុម្ភៈ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង។ ប្រធានា​ធិបតី​សហរដ្ឋអាមេរិក បានស្នើឱ្យពួកគេជួបគ្នាឆាប់ៗនេះ។

គាត់បានសរសេរ​​លើបណ្តាញសង្គមថា «ខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលអាចនាំអ្នក​ទៅ​កន្លែងដែលអ្នកត្រូវធ្វើ »។ អ្នកគួរតែចាត់វិធានការយ៉ាងឆាប់រហ័សដោះស្រាយឱ្យបានឆាប់។ ជួបអ្នកឆាប់ៗនេះ!។

កូរ៉េខាងជើងបានស្វែងរកការបន្ធូរបន្ថយទណ្ឌកម្ម និងការធានាសន្តិសុខជាថ្នូរ​នឹងកម្ម​វិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែសហរដ្ឋអាមេរិកទទូចឱ្យមើលឃើញជំហាននុយក្លេអ៊ែរ​ច្បាស់​លាស់ និងអាចផ្ទៀងផ្ទាត់បានជាមុន។

កាលព្រឹកថ្ងៃអាទិត្យនេះកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានប្រកាសពន្យារពេលនៃ​សមយុទ្ធ​យោធារួមគ្នារបស់ពួកគេនាពេលខាងមុខ។ កូរ៉េខាងជើងបានព្រមានពី «ការគំរាម​កំហែងខ្លាំងជាងនេះ» បើអាម៉េរិកត្រូវធ្វើដំណើរទៅមុខតាមការគ្រោងទុក។

ទីក្រុងព្យុងយ៉ាង បានចាត់ទុកសមយុទ្ធសម្ព័ន្ធមិត្តនេះថា ​ជាការហាត់សមឈ្លានពាន​ទោះបីមានការធានាពីទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនថា ពួកគេមានលក្ខណៈការពារក៏ដោយ។

រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានហៅសេចក្តីសម្រេច​នេះថា ជាអំពើសុច្ឆន្ទៈមួយដែលមានគោលបំណង ដើម្បីលើកកម្ពស់ការទូត នឹងបានជំរុញឱ្យ​ទីក្រុងព្យុងយ៉ាង «វិលត្រឡប់ទៅរកតុចរចាវិញដោយគ្មានលក្ខខ័ណ្ឌឬការស្ទាក់ស្ទើរ »ឡើយ។

ប្រទេសកូរ៉េខាងជើងបានកំណត់ឱសានវាទចុងឆ្នាំនេះ សម្រាប់សហរដ្ឋអាមេរិក​ដើម្បី​បង្កើតសំណើដែលអាចទទួលយកបានក្នុងការចរចារបស់ពួកគេ។

កាលពីសប្តាហ៍មុន ប្រធានអ្នកចរចានុយក្លេអ៊ែររបស់កូរ៉េខាងជើងលោក គីម មីង-ហ្គីល (Kim Myong-gil) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យមានកិច្ចចរចាកម្រិត ការងារមួយផ្សេងទៀតនៅក្នុងខែធ្នូ ខាងមុខនេះ។ លោកបាននិយាយថា ក្រុងព្យុងយ៉ាងមាន​ឆន្ទៈចូលរួម ប្រសិនបើទីក្រុងវ៉ាស៊ីនតោនដាក់ចេញ​នូវដំណោះស្រាយជាមូលដ្ឋាន។

ភាគីទាំងពីរ បានធ្វើកិច្ចចរចាចុងក្រោយនៅទីក្រុង Stockholm ប្រទេសស៊ុយអ៊ែត​កាលពី​ខែតុលា បន្ទាប់ពីលោក Trump និងលោក គីម បានយល់ព្រមបន្តកិច្ចចរចា​នៅឯកិច្ច​ប្រជុំដោយឥតគ្រោងទុកមួយរបស់ពួកគេនៅព្រំដែនអន្តរកូរ៉េកាលពីខែមិថុនា។ ប៉ុន្តែការពិភាក្សាទាំង​នោះ​ក៏បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)