នាយករដ្ឋមន្រ្តីនេប៉ាល់ប្តេជ្ញាដកកងទ័ពឥណ្ឌាចេញពីតំបន់ព្រំដែន

AKP ភ្នំពេញ ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩​ — ការតវ៉ានានាបានផ្ទុះឡើងនៅក្នុងប្រទេសហិម៉ាឡៃយ៉ា បន្ទាប់ពីទីក្រុងញូវដែលី បានចេញផ្សាយផែនទីនយោបាយកាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ ដែលបានដាក់តំបន់កាឡាប៉ានី នៅខាងក្នុងព្រំដែនឥណ្ឌា។ ប្រទេសនេប៉ាល់បានអះអាងថា កងកម្លាំងព្រំដែនឥណ្ឌាបានកាន់កាប់ទឹកដីនេប៉ាល់ដោយខុសច្បាប់ចាប់តាំងពីសង្គ្រាមឥណ្ឌា – ចិនឆ្នាំ ១៩៦២ មក។

ថ្លែងកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នាយករដ្ឋមន្រ្តីនេប៉ាល់ លោក Khadga Prasad Sharma Oli បានប្តេជ្ញាថា នឹងដកកងទ័ពបរទេសចេញពីទឹកដីរបស់ប្រទេសនេះក្នុងករណីមានជម្លោះណាមួយ។ លោក Oli បាននិយាយបន្ថែមថា រដ្ឋាភិបាលរបស់លោក គឺមានសមត្ថភាពក្នុងការការពារទឹកដីរបស់ប្រទេស ហើយលោកនឹងមិនអនុញ្ញាតឱ្យបរទេសកាន់កាប់ទឹកដីនោះទេ។

លោក Oli បាននិយាយ ខណៈដែលបានថ្លែងសុន្ទរកថានៃកិច្ចប្រជុំដំបូងនៃសមាគមយុវជនជាតិនៅទីក្រុង Kathmandu ថា «យើងនឹងមិនឱ្យដីរបស់យើងបាត់បង់សូម្បីតែមួយអ៊ីញទេ ហើយយើងក៏មិនត្រូវការដីរបស់អ្នកដទៃដែរ… ខ្ញុំសូមស្នើដល់ប្រទេសជិតខាងឱ្យប្រមូលកងទ័ពរបស់ខ្លួនពីទីនោះ (កាឡាប៉ានី) វិញ»។

សេចក្តីថ្លែងការណ៍របស់លោក Oli បានធ្វើឡើងបន្ទាប់ពីផែនទីឥណ្ឌាថ្មីមួយបានបង្ហាញអំពីតំបន់កាឡាប៉ានីស្ថិតនៅក្នុងប្រទេសឥណ្ឌា ដែលនាំឱ្យមានការតវ៉ានៅទូទាំងប្រទេសនេប៉ាល់។ តំបន់កាឡាប៉ានីមានផ្ទៃក្រឡា ៣៥គីឡូម៉ែត្រក្រឡា ដែលមានការទាមទារដោយឥណ្ឌា និងនេប៉ាល់ បានបង្កភាពចម្រូងចម្រាសចាប់តាំងពីសភានេប៉ាល់បានផ្តល់សច្ចាប័នលើសន្ធិសញ្ញា Mahakali ជាមួយឥណ្ឌាកាលពីឆ្នាំ ១៩៩៦ មក។

លោក Oli បានអះអាងថា «ព្រំដែនមិនត្រូវបានរំលោភយកនៅថ្ងៃនេះទេ ប៉ុន្តែយើងបានទទួលឯកភាពជាតិលើបញ្ហានេះ ហើយឥឡូវនេះ​ រដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេស»។

ប្រទេសនេប៉ាល់បានអះអាងថា កងកម្លាំងព្រំដែនឥណ្ឌាបាន នឹងកំពុងកាន់កាប់ទឹកដីនេប៉ាល់ នៅតំបន់កាឡាប៉ានី ដោយខុសច្បាប់ចាប់តាំងពីសង្គ្រាមឥណ្ឌា – ចិនឆ្នាំ ១៩៦២ មក។

ក្រសួងការបរទេសឥណ្ឌាបាននិយាយថា ផែនទីបង្ហាញយ៉ាងត្រឹមត្រូវអំពីទឹកដីអធិបតេយ្យរបស់ឥណ្ឌា ប៉ុន្តែបានកត់សម្គាល់ថា ភាគីទីបី (ទំនងជាប្រទេសចិន) អាចកំពុងព្យាយាមបង្កបញ្ហានៅក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Raveesh Kumar បាននិយាយកាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ថា «ខ្ញុំគិតថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកត់សម្គាល់ថា ទាំងសងខាង (ឥណ្ឌា និងនេប៉ាល់) គួរតែការពារប្រឆាំងនឹងផលប្រយោជន៍ដែលនៅសេសសល់ ដើម្បីបង្កើតភាពខុសគ្នារវាងប្រទេសទាំងពីរ»។

ទន្ទឹមនឹងនេះដែរ ចិនបានសម្តែងក្តីសង្ឃឹមថា នេប៉ាល់ និងឥណ្ឌានឹងដោះស្រាយជម្លោះដែនដីរបស់ខ្លួនតាមរយៈការចរចា៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)