Connect with us
[better-ads type='banner' banner='357920' ]

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា

រដ្ឋមន្រ្តីការពារជាតិវៀតណាមជំរុញអំពីបូរណភាពផ្ទៃក្នុងបន្ថែមទៀត ក្នុងចំណោមសមាជិកអាស៊ាន

Published

on

ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ឧត្តមសេនិយ Ngo Xuan Lich បាននិយាយថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គួរតែខិតខំបន្ថែមទៀតដើម្បីពង្រឹងបូរណភាពផ្ទៃក្នុងដើម្បីដោះស្រាយដោយមានភាពបត់បែនជាមួយនឹងបញ្ហាប្រឈម និងផលប៉ះពាល់ពីខាងក្រៅ។

ក្នុងឱកាសចូលរួមសន្និសីទរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) នៅទីក្រុងបាងកកនាថ្ងៃនោះ លោក Lich បានលើកឡើងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ប្រទេសវៀតណាមអះអាងអំពីបំណងជំរុញការតភ្ជាប់ផ្ទៃក្នុង បង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការការពារជាតិអាស៊ាន និងបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាដៃគូសន្ទនា។

លោកបានសង្កត់ធ្ងន់ទៅលើបញ្ហាប្រឈមក្នុងតំបន់មួយចំនួន រួមមានការប្រកួតប្រជែងរវាងប្រទេសមហាអំណាចក្នុងតំបន់ ក៏ដូចជាការអនុលោមតាមច្បាប់អន្តរជាតិដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោកផងដែរ។

លោកបាននិយាយបន្ថែមថា ដោយសារការមិនគោរពច្បាប់អន្តរជាតិ នឹងធ្វើឱ្យប្រទេសនីមួយៗបាត់បង់ជំនឿលើគ្នាទៅវិញទៅមក និងនាំឱ្យមានភាពតានតឹងកើនឡើងក្នុងករណីធ្ងន់ធ្ងរជាងនេះ ដោយលោកបានគូសបញ្ជាក់ថា ក្នុងបរិបទនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាក្នុងចំណោមបណ្តាប្រទេសខ្លាំងៗ ច្បាប់អន្តរជាតិត្រូវតែត្រូវបានផ្តល់អាទិភាព ដូច្នេះបណ្តាប្រទេសតូចៗ និងមធ្យមនឹងមិនត្រូវទទួលរងពីផលវិបាកនោះទេ។

លោក Lich បានលើកឡើងអំពីភាពតានតឹងថ្មីៗនៅសមុទ្រខាងកើតជាឧទាហរណ៍ ដោយចាត់ទុកច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ត្រូវតែគោរព ដើម្បីធ្វើឱ្យសមុទ្រខាងកើតមានសន្តិភាព និងស្ថិរភាព ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព ហើយប្រទេសទាំងអស់ត្រូវតែមានការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់។

នៅក្នុងសន្និសីទ ADMM Retreat បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ានបានផ្លាស់ប្តូរទស្សនៈរបស់ពួកគេស្តីពីបរិយាកាសសន្តិសុខក្នុងតំបន់ និងក្នុងពិភពលោក ដោយបាននិយាយថា អាស៊ានគួរតែបង្កើនសាមគ្គីភាព និងរក្សាតួនាទីស្នូលរបស់ខ្លួននៅក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ដើម្បីដោះស្រាយជាមួយការគំរាមកំហែងសន្តិសុខតាមប្រពៃណី និងមិនប្រពៃណីដូចជាភេរវកម្ម ព្រមទាំងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន