ប្រជាពលរដ្ឋភូមិត្បូងខ្លារួមគ្នា សាងសង់សាលារៀន ដើម្បីឲ្យកូនចៅបានរៀនសូត្រនៅជិតផ្ទះ

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

នៅឆ្នាំនេះអង្គការគម្រោងគាំទ្រ វិស័យអប់រំ តាមតំបន់ដាច់ស្រយាលនៅកម្ពុជាបានផ្តល់​សាលា​រៀន​ថ្មីជំនួសសាលាចាស់សម្រាប់ប្រជាពលរដ្ឋ ឃុំអូរម្រះស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីឲ្យកូនចៅ បានរៀនសូត្រ នៅជិតមូលដ្ឋានរស់នៅ។ ប៉ុន្តែអាជ្ញាធរនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះជាអ្នករួមគ្នា ក្នុងការសាងសង់សាលារៀននេះឡើង។
លោកស៊ុត សុខុម ជំទប់ទី១មេឃុំអូម្រះ បានទទួលស្គាល់ថា៖មាតាបីតាសិស្សនៅតំនប់នេះច្រើនតែបណ្តោយកូនឲ្យទៅរៀនដោយខ្លួនឯង ដោយសាតែខ្វះមធ្យោបាយជូនកូន ហើយកូនចៅខ្លះវាខ្លាចមិនបានទៅរៀនក៏ មានដែរ។លោកបញ្ជាក់ថា៖កត្តាទាំងនេះ អាចបង្កផលប៉ះពាល់ទៅលើវិស័យអប់រំដែលរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ ទើបអាជ្ញាធរនិងអង្គការដៃគូពាក់ពន្ធ័រួមគ្នារៀបចំដោះស្រាយបញ្ហានេះ។
(សម្លេង)ការសាងសង់នេះគាត់ត្រេកអរហើយមិនឱ្យលំបាកកូនចៅមករៀនដូចមុនទៀត។
លោកគឹមចាន់រាត្រី មន្ត្រីប្រតិបត្តិរបស់អង្គការគម្រោងគាំទ្រវិស័យអប់រំ តាមតំបន់ដាច់ស្រយាលនៅកម្ពុជា បានលើកឡើងថា៖ សកម្មភាពចូលរួមនេះបានបង្ហាញពីការគាំទ្រ លើកស្ទួយដល់វិស័អប់រំ និងបានបញ្ចៀសពីក្តីព្រួយបារម្ភរបស់ឪពុម្តាយ ព្រោះសាលាចាស់បណ្តោះអាសន្ន វាតូចចង្អៀត នៅរដូវវស្សា ពេលភ្លៀងធំម្តងៗមាន ផ្គ រន្ទះ រំខានដល់ការសិក្សា ទើបតម្រូវឱ្យសាងសង់ថ្មី។
(សម្លេង)គម្រោងជាប់នៅកន្លែងនេះហើយនិងមានទិសដៅទៅតាមតំបន់ដាច់ស្រយាល ដែលខ្វះខាតសាលារៀន ហើយមានប្រជាពលរដ្ឋនៅច្រើនចំនួនសិស្សច្រើនចាប់ពី៦០នាក់ឡើងទៅនិងអាចសាងសង់សលារៀនតាមខ្នាតតូចឬខ្នាតធំ។
លោក ហម ថ្លា ប្រធានការិយាល័យអប់រំស្រុកសៀមបូកបានទទួលស្គាល់ថា៖ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលកូនចៅរបស់គាត់ពិតជាមានភាពលំបាកក្នុងការទៅរៀនសូត្រ ដោយសាតែកត្តាភូមិសាស្រ្តមួយចំនួននៅឆ្ងាយពីសាលារៀន។ លោកថា៖កត្តានេះ ទើបអាជ្ញាធរពាក់ព័ន្ធបង្កើតឱ្យមានសាលារៀនឆ្លងកាត់ដើម្បីឱ្យសិស្សតូចៗបានរៀននៅជិតផ្ទះស្របពេលដែលឳពុកម្តាយមិនបានជួនកូនទៅរៀននោះ។
(សម្លេង)ហើយទី២មកបានកាត់បន្ថយ ការធ្វើដំណើរក្មេងទៅឆ្ងាយ ដែលទៅសាលាកណ្តាលភូមិនេះ អញ្ចឹងទេ សិស្សវាមានការងាយស្រួល សិស្សៗតូចៗ ក៍មានការងាយស្រួលដែរគឺចូលរៀនបានច្រើន បានន័យថាការប្រមូលកុមារចូលរៀន ក្នុងវិស័យអប់រំការបន្ថយអត្រាក្រៅសាលារបស់កុមារផង។
លោកទំ ប៊ុនថុល គ្រូបង្រៀនសាលាឆ្លងកាត់នេះបានបញ្ជាក់ថា៖ពេលបានសាលាថ្មីកូនចៅប្រជាពលរដ្ឋយើងនិងចាកផុតពីការបោះបង់ចោលការសិក្សាហើយលោកគ្រូអ្នកគ្រូក៍មានកម្លាំងចិត្តខិតខំបង្រៀនដែរ ដើម្បីបង្កើនចំណេះដឹង ជូនកូនចៅប្រជាពលរដ្ឋនៅក្នុងសហគមន៍។
សូមបញ្ជាក់ថា៖សាលារៀនថ្មីទើបសាងសង់នេះមាន៤បន្ទប់ -ទទឹង១៨ម៉ែត្រ -បណ្តោយ២៤ម៉ែត្រ ហើយការិយាល័យអប់រំស្រុកគ្រោងដាក់បញ្ចូលសាលានេះឱ្យទៅជាសាលាបឋមសិក្សានៅឆ្នាំ២០២០៕