សម្តេចតេជោហ៊ុនសែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២.០០០នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

នៅព្រឹកថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សចំនួន ១.៩៥៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ ។

ឯកឧត្តម ឯក មនោសែន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យធនធានមនុស្ស បានឲ្យដឹងថា នេះគឺជាលើកទី១៦ហើយ ដែលវិទ្យាស្ថានធន ធានមនុស្សបានរៀបចំពិធីប្រគល់សញ្ញាប័ត្រជូនដល់និស្សិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ។
ឯកឧត្តមបន្តថា និស្សិត១៩៥៨នាក់ ក្នុងនោះមាននារីជាង៩០០នាក់ ដែលទទួលសញ្ញាបត្រនាពេលនេះ គឺជានិសិ្សតជ័យលាភីថ្នាក់ជំនាញវិជ្ជា ជីវ: បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ។
ឯ.ឧសាកលវិទ្យាធិការ បញ្ជាក់ថា និស្សិតជ័យ លាភីដែលទទួលសញ្ញាបត្រនាពេលនេះ គឺជាធន ធានមនុស្ស ប្រកបដោយសក្តានុពល សម្រាប់ការងារ និងសង្គមជាតិទាំងមូល ហើយចាប់តាំង ពីការកកើតក្នុងឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យធនធាន មនុស្ស សរុបចំនួនជាង៣៩,០០០នាក់ (នារី ១៣,៣៣៦នាក់) ទទួលបានឱកាសការងារខ្ពស់ រហូតដល់ជាង៩០%ជារៀងរាល់ឆ្នាំ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។