ប្រកាសបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកីឡាទាញព្រ័ត្រថ្នាក់ជាតិ ២០១៩

AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម កីឡាទាញព្រ័ត្រថ្នាក់ជាតិ ឆ្នាំ២០១៩ ត្រូវបាន​ប្រកាសបិទជាផ្លូវការ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីដំណើរការតាំងពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩មក។

ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានមាន​​ប្រសាសន៍ថា នេះគឺជាមោទនភាពរបស់សហព័ន្ធ ដែលនេះជាចំណែកដ៏សំខាន់ ក្នុងការ​ជួយជំរុញការអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម​បន្ដថា កីឡាគឺជាវេទិកានៃការបណ្តះបណ្តាលធនធានមនុស្សដ៏សំខាន់ ដែលជាមធ្យោ​បាយ​កសាងមនុស្សដ៏មានប្រសិទ្ធភាព ដោយអនុវត្តន៍ទាំងផ្នែកកាយសម្បទា បញ្ញាសម្បទា និង​សីលធម៌សម្បទា។ ជាមួយគ្នានោះ​ឯកឧត្តមបានសំណូមពរឱ្យសិក្ខាកាមទាំងអស់​យកចំណេះ​ដឹង ដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលនេះទៅបណ្តុះបណ្តាលបន្ត ដើម្បីគោលដៅ​រួមគ្នាអភិវឌ្ឍវិស័យកីឡាទាញព្រ័ត្រកម្ពុជាឱ្យកាន់តែល្អប្រសើរ។

លោក ឯម ហៀង អនុប្រធានសហព័ន្ធកីឡាទាញព្រ័ត្របានឱ្យដឹងដែរថា វគ្គសិក្សានេះ​ត្រូវបាន រៀបចំឡើងដោយសហព័ន្ធ យោងតាមផែនការកសាងធនធានមនុស្សរបស់ខ្លួន ក្រោម​កិច្ចសហការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានសិក្ខាកាមចូលរួម​ចំនួន​២៥នាក់។ លោកបន្ដថា វគ្គសិក្សានេះផ្តោតសំខាន់លើលក្ខន្តិកៈរបស់សហព័ន្ធ បទបញ្ជា​នៃល្បែងកីឡាទាញព្រ័ត្រអន្តរជាតិ បទបញ្ជានៃការប្រកួតកីឡា ក្នុងព្រឹត្តិការណ៍កីឡានីមួយៗ ព្រមទាំងតួនាទីភារកិច្ចរបស់អាជ្ញាកណ្តាល-ចៅក្រមផងដែរ។

លោកបានអះអាងថា ប្រសិនបើក្រសួងអប់រំ យុវជន និងកីឡាផ្តល់ថិវកាសម្រាប់ការ​បណ្តុះបណ្តាលច្រើនជាងថវិកា ឆ្នាំ២០១៩ រួមទាំងមានសប្បុរសជននានាចូលរួមឧបត្ថម្ភបន្ថែម គឺវគ្គសិក្សបែបនេះនឹងកាន់តែទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ឆ្នាំ២០២០ ខាងមុខ។

សូមបញ្ជាក់ថា ក្នុងចំណោមសិក្ខាកាមចូលរួម២៥នាក់ ទទួលបានលទ្ធផលល្អ ៧៥​ភាគរយ និងធម្យម ២៥ភាគរយ៕

ដោយ ហេង ណាលីន