អ្នកជំនាញ​កសិកម្មជួយបណ្តុះបណ្តាល ប្រជាពលរដ្ឋពីបច្ចេកទេសធ្វើកសិកម្មដែលតទល់និងបញ្ហាកាប្រែប្រួលអាកាសធាតុ

 

វិទ្យុជាតិកម្ពុជា​អត្ថបទ​៖ជួន​ បូណា​

MC៖អ្នកជំនាញ​កសិកម្មជួយបណ្តុះបណ្តាល
ប្រជាពលរដ្ឋពីបច្ចេកទេសធ្វើកសិកម្មដែលតទល់និងបញ្ហាកាប្រែប្រួលអាកាសធាតុ ដើម្បីធានាអោយកសិករនៅតែទទួលបានភោគផលខ្ពស់សំរាប់ដោះស្រាយក្នុងសេដ្ឋកិច្ចគ្រួសារបើទោះបីជួបបញ្ហាការប្រែប្រួលអាកាសធាតុកដោយ។

លោក​ សរ​ វេង​ តំណាងមជ្ឈមណ្ឌលសេវាកសិកម្មអភិរក្សក្នុងភូមិស្ដៅ​ ឃុំស្ដៅ​ ស្រុក​រតនៈមណ្ឌល​ ខេត្ត​បាត់ដំបង​ បានឲ្យដឹងថា​ មជ្ឈមណ្ឌលសេវាកសិកម្មអភិរក្សបានធ្វើការបណ្ដុះបណ្ដាល​ និងអប់រំប្រជាពលរដ្ឋឱ្យពួកគាត់បានស្វែងយល់អំពីវិធីសាស្ត្រកសិកម្មបន្ស៊ាំ និងការប្រែប្រួល អាកាសធាតុរាំងស្ងូត , ការរក្សា សំណើមដី , ការការពារ សំណឹកដី ការកែលំអរដីឱ្យមានគុណភាព ។

ការពង្រីកផែនការផ្តល់បច្ចេកទេសធ្វើកសិកម្មដែលតទល់និងការប្រែប្រួលអាកាសធាតុបានធ្វើឡើងខណៈដែលបច្ចុប្បន្នកម្ពុជាបានជួបបញ្ហាការប្រែប្រួលអាកាសធាតុដូចជាការឡើងកម្តៅធ្វើអោយជួបគ្រោះរាំងស្ងួតនិងភ្លៀងធ្លាក់មិនទៀងទាត់បង្កជាជំនន់ទឹកភ្លៀងនិងគ្រោះទឹកជំនន់ធ្ងន់ធ្ងរថែមទៀតផង។

លោកតំណាងមជ្ឈមណ្ឌលសេវាកសិកម្មអភិរក្សនេះ​ បានបញ្ជាក់ថា​ ការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មអភិរក្សគម្របដីនេះ​ ដើម្បីជួយលើកកម្ពស់ការយល់ដឹង​របស់ប្រជាពលរដ្ឋ សម្រាប់ដាំដុះ​ដំណាំកសិកម្មកាន់តែទទួលបាន​ទន្នផលខ្ពស់​ ដែលអាចចំណេញពេលវេលា​ និងចំណាយដើមទុនតិច​ ដែលធ្វើឱ្យដំណាំធន់នឹងការប្រែប្រួល អាកាសធាតុ តាមរយៈការដាំដំណាំគម្របដី។

លោកវឿន​ វឿត​ សមាជិក្រុម​ប្រឹក្សា​ឃុំ​ ស្ដៅ​ ស្រុក​រតនៈមណ្ឌល​ ខេត្ត​បាត់ដំបង​ បានលើកឡើងថា​ ប្រជាពលរដ្ឋ​នៅក្នុងឃុំ​ មានប្រមាណជាង៨០ភាគរយ​ ដែលបាន​កំពុងអនុវត្តបច្ចេកទេសកសិកម្មថ្មីមួយ​ គឺជាកសិកម្មអភិរក្ស​គម្របដី ដែលមានការបណ្ដុះបណ្ដាលពីអង្គការដៃគូរ។

លោក​ ជ្រឹង​ គី​ កសិករ​រស់នៅ​ក្នុងភូមិស្ដៅ​ ឃុំស្ដៅ​ ស្រុក​រតនៈមណ្ឌល​ ខេត្ត​បាត់ដំបង​ បានសម្ដែងការរីករាយដែលមានអ្នកជំនាញបានមកបណ្ដុះបណ្ដាល​ការដាំណាំកសិកម្មអភិរក្សគម្របដីនេះ ដើម្បីធ្វើឲ្យពួកគាត់មានបច្ចេកទេកធ្វើស្រែចំការទទួលទិន្នផលខ្ពស់​ និងចំណេញពេលវេលា។

លោកបន្ដថា​ បន្ទាប់​ពីពួកគាត់បានអនុវត្ដបច្ចេកទេសកសិកម្មថ្មីបែបអភិរក្សនេះ​ គឺដីមានជីវជាតិ​ ចំណាយដើមទុនតិច​ និងទទួលទន្នផលខ្ពស់​ជាង​ ការធ្វើស្រែចំការតាមទំលាប់របស់ដូនតា​ ។

សូមបញ្ជាក់ថា​ បច្ចុប្បន្ននេះ​ មជ្ឈមណ្ឌលសេវាកសិកម្មអភិរក្សបានកំពុងអនុវត្ដ​ និងបណ្ដុះបណ្ដាល​បច្ចេកទេស​ធ្វើកសិកម្មអភិរក្សគម្របដីនេះដល់​ប្រជាពលរដ្ឋ​ មានដូចជា​ ខេត្ដកំពង់ចាម​ កំពង់ធំ​ បាត់ដំបង​ ព្រះវិហារ​ និងគ្រោងបន្ដទៅអនុវត្ដនៅខេត្ដកណ្ដាល​ និងសៀមរាបផងដែរ៕ .ើ។