រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសចំពោះវិទ្យុអាស៊ីសេរីដែលផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធ នឹងរបាយការណ៍EBAរបស់គណៈកម្មការអឺរ៉ុប

វិទ្យុជាតិកម្ពុជា៖

 រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះវិទ្យុអាស៊ីសេរី ដែលមានចេតនាផ្សាយព័ត៌មាន មិនពិតពាក់ព័ន្ធប្រព័ន្ធអនុគ្រោះពន្ធ ពាណិជ្ជកម្ម “គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA”ក្នុងគោលបំណងបំភាន់សាធារណជនអំពីរបាយការណ៍របស់គណៈកម្មការអឺរ៉ុប។
តាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា អនុលោមតាមនីតិវិធីគណៈកម្មការអឺរ៉ុបបានបញ្ជូនមករាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៩ នូវរបាយការណ៍បឋមរបស់ខ្លួនអំពីការវាយតម្លៃពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ ពាណិជ្ជកម្ម “គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA” ដែលរាជរដ្ឋាភិបាលកម្ពុជានឹងត្រូវផ្តល់យោបល់ទៅលើរបាយការណ៍នេះក្នុងកំឡុងពេលមួយខែ។ បន្ទាប់ពីនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងធ្វើការពិនិត្យរបាយការណ៍នេះទាំងមូល ហើយនឹងផ្តល់ការឆ្លើយតបសមស្របមួយតាមពេលវេលាកំណត់ ដែលនឹងឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាពនៃការវិវត្តថ្មីៗ នៅក្នុងវិស័យដែលជាការព្រួយបារម្ភរបស់គណៈកម្មការអឺរ៉ុប។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា គណៈកម្មការអឺរ៉ុបនឹងធ្វើសេចក្តីសម្រេចអំពីរបាយការណ៍នេះនៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ ថាតើនឹងត្រូវដកប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម ឬយ៉ាងណា ហើយដោយអនុលោមតាមការប្រតិបត្តិតាមផ្លូវការទូត និងល័ក្ខខ័ណ្ឌនានារបស់គណៈកម្មការអឺរ៉ុប របាយការណ៍នេះត្រូវបានចាត់ទុកជាឯកសារសម្ងាត់។
តែទោះជាយ៉ាងនេះក្តីវិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយរបាយការណ៍នេះជាសាធារណៈ ខុសពីការពិតក្នុងគោលបំណងបំភាន់សាធារណជនអំពីរបាយការណ៍របស់គណៈកម្មការអឺរ៉ុប។
របាយការណ៍បានអៈអាងថា យោងទៅលើពាក្យពេចន៍ និងកថាខណ្ឌ ដែលបានដកស្រង់យកមកផ្សព្វផ្សាយដោយយកចេញពីរបាយការណ៍នេះ មិនត្រឹមត្រូវតាមខ្លឹមសារដើមឡើយ។ព័ត៌មានមិនពិតដូចនេះបានបង្កើតនូវក្ដីបារម្ភមិនគួរមានដែលពាក់ព័ន្ធដល់កម្មកររាប់ម៉ឺននាក់ ធ្វើឱ្យសាធារណៈជនភាន់ច្រឡំ និងធ្វើឱ្យអាប់ឱនដល់កេរ្តិ៍ឈ្មោះមន្រ្តីរាជរដ្ឋាភិបាល ដែលវិទ្យុអាស៊ីសេរីអះអាងថាបានធ្វើឱ្យបែកធ្លាយឯកសារ។
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក សកម្មភាពរបស់វិទ្យុអាស៊ីសេរីបញ្ជាក់យ៉ាងច្បាស់ថា វិទ្យុនេះមិនមែនជាប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តបាន ប៉ុន្តែគ្រាន់តែជាស្ថានីយ៍ឃោសនាមួយដែលបម្រើដល់ក្រុមនយោបាយមួយប៉ុណ្ណោះ៕