អាជ្ញាធរខេត្តប៉ៃលិនកម្ពុជា និងខេត្តចាន់បុរី ប្រទេសថៃពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យណិជ្ជកម្មនិងទប់ស្កាត់បទល្មើសឆ្លងដែន

វិទ្យុជាតិកម្ពុជា៖ លោក គឹម ហុន មន្ទីរព័ត៌មានខេត្តបៃលិន

ប៉ៃលិន៖ អាជ្ញាធរខេត្តប៉ៃលិនប្រទេសកម្ពុជា និងខេត្តចាន់បុរីប្រទេសថៃបានពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យណិជ្ជកម្ម និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់​ប្រភេទដើម្បី​ធានាបានសន្តិសុខសណ្តាប់ធ្នាប់ និងបំរើប្រយោជន៍ទៅវិញទៅមក។

 

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំអង្គភាពស្ថាប័នជំនាញពាក់ព័ន្ធ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញសំណេះសំណាល សម្តែងការគួរសម និងពិភាគ្សាការងារ ជាមួយរដ្ឋបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយ ឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្ត នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ ឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត។

 

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណចំពោះ រដ្ឋបាលខេត្តចាន់បុរី និងគណៈប្រតិភូទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតំលៃ អញ្ជើញមកជួបសំណេះសំណាល សម្តែងការគួរសម និងពិភាគ្សាការងារ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពដ៏ល្អជាមួយគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ពលករ និងទប់ស្កាត់បទល្មើសឆ្លងដែនរវាងប្រទេសកម្ពុជា-ប្រទេសថៃ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំប្រទេសថៃទាំងអស់ ជាពិសេសសូមថ្លែងអំណរគុណចំពោះភាគីថៃលើកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែនរួមមានខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តពោធិសាត់ ខេត្តព្រះវិហារ និងខេត្តកោះកុងនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទំនាក់ទំនងល្អច្រកទ្វារបានផាកាត ខេត្តច័ន្ទបុរី ជាមួយនឹងច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ដែលលទ្ធផលទាំងនេះអាចកើតមានឡើងដោយសារមានកិច្ចសហប្រតិបត្តិការល្អពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធរបស់ ប្រទេសថៃ ដែលធ្វើឱ្យផែនការចង់បំផ្លាញសន្តិភាពនៅប្រទេសកម្ពុជា របស់ក្រុមក្បត់ជាតិ ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ទទួលបរាជ័យ។ ក្នុងឱកាសនោះដែរឯកឧត្តម ផាន់ ចាន់ធុល ក៍បានសំណូមពរដល់ភាគីថៃ ត្រូវបន្តសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា៖ ការពន្លឿនការកសាងស្ពានឆ្លងព្រំដែន បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែននានា និងការនាំចេញកសិផល ការធ្វើពាណិជកម្មឆ្លងដែនរវាងខេត្តច័ន្ទបុរី-ប៉ៃលិន ជាពិសេសជួយសម្រួលដល់ការនាំចេញស្វាយកែវល្មៀត និងផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសថៃអោយបានកាន់ងាយ​ស្រួលនិងមានភាពល្អប្រសើរជាងមុនផងដែរ។

ជាការឆ្លើយតប ឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ បានសន្យាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងខេត្តទាំង២ និងខិតខំដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ហើយនឹងនាំយកនូវរាល់សំណូមពរទាំងអស់នេះ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដើម្បីរកលទ្ធភាព និងដំណោះស្រាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឱ្យបានកាន់តែល្អប្រសើរឡើង។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តចាន់បុរី ក៍បានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលកន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។

សូមបញ្ជាក់ថា៖ កន្លងទៅថ្មីៗនេះផែនការក្រុមឧទ្ទាមក្បត់ជាតិ សម រង្សី ចង់ប្រើប្រទេសថៃដើម្បីប្រមូលផ្តុំនិងឆ្លងកាត់ព្រំដែន មកផ្តួលរលំរាជរដ្ឋាភិបាល​កម្ពុជាស្របច្បាប់​នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តែផែនការរបស់ក្រុមឧទ្ទាមបក្សប្រឆាំងទាំងនោះ ត្រូវបានបរាជ័យទាំងស្រុងដោយសារ​មានកិច្ចសហប្រតិបត្តិការល្អពីសំណាក់ព្រះរាជាណាចក្រថៃ៕