អាជ្ញាធរជាតិអប្សរាហាមដាច់ខាតមិនឲ្យយកសត្វគ្រប់ប្រភេទព្រលែងចូលក្នុងកសិន្ធុប្រាសាទនៃតំបន់រមណីយដ្ឋានអង្គរ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

អាជ្ញាធរជាតិអប្សរាហាមមិនឲ្យយកសត្វគ្រប់ប្រភេទព្រលែងចូលក្នុងកសិន្ធុប្រាសាទនៃ តំបន់រមណីយដ្ឋានអង្គរ ដើម្បីការពារខ្លាចមានសត្វដែលអាចបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរនៅពេលក្រោយ ។

លោក ឡុង កុសល អនុប្រធានផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា អាជ្ញាធរជាតិអប្សរាមិនដែលមានការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ យកសត្វគ្រប់ប្រភេទទៅព្រលែងនៅកសិន្ធុទឹកប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរឡើយ ក្នុងន័យដើម្បីការពារកុំអោយមានគ្រោះថ្នាក់ណាមួយកើតឡើងនៅពេលដែលសត្វនោះធំ។

ការចេញបំរាមហាមមិនអោយមានការព្រលែងសត្វគ្រប់ប្រភេទនៅក្នុងកសិន្ធុប្រាសាទនេះ បន្ទាប់ពីពេលថ្មីៗនេះ មានករណីព្រលែងកូនក្រពើចូលទៅក្នុងកសិន្ធុអង្គរ ដែលបង្ក ឲ្យមានការភ្ញាក់ផ្អើលពីមហាជន ខា្លចមានគ្រោះថ្នាក់នៅពេលដែលសត្វក្រពើនោះធំឡើង។ តែទោះជាយ៉ាងនេះក្តីភ្លាមៗនោះ ក្រុមអាជ្ញាធរអប្សារា និងរដ្ឋបាលខេត្តសៀមរាប បានធ្វើយុទ្ធនា ការស្វែងរកកូនក្រពើឃើញវិញ ហើយយកចេញពីកសិន្ធុមុខប្រាសាទអង្គរ ដើម្បីធានាសុវត្ថិភាព នៅពេលក្រោយ។

លោកបានបន្តថា កសិន្ធុប្រាសាទគឺជាកន្លែងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផ្តិតយករូបភាពអនុស្សាវរីយ៍ ហើយក្រុមការងារបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា តែងតែមកបំពេញការងារសម្អាត កសិន្ធុទឹកជាប្រចាំផងដែរ ដូច្នេះមិនអាចអោយមានសត្វកាចសាហាវនៅក្នុងទឹកនោះបានឡើយ ។

«យើងត្រូវពិចារណាដែរថាសត្វប្រភេទណាដែលគួរយកទៅព្រលែង ដែលមិនអាចប៉ៈពាល់ដល់សុវត្ថិភាពសាធារណៈ ក៏ប៉ុន្តែជាទូរទៅខាងអាជ្ញាធរជាតិអប្សរាមិនដែលលើកទឹកចិត្តឲ្យព្រលែងទេតែទីកន្លែងនឹងជាទីកន្លែងដែលប្រជាពលរដ្ឋតែងតែទៅបួងសួងសុំសេចក្តីសុខ សុំសេចក្តីសប្បាយ អញ្ចឹងគាត់យល់ឃើញថា គេព្រលែងនឹងវាបានបុណ្យបានសីលគាត់»។

តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ក្នុងន័យសាសនា កសិន្ធុទឹកប្រាសាទ ត្រូវបានកសាងឡើងប្រដូចជាមហាសមុទ្រព័ទ្ធជុំវិញភ្នំព្រះសុមេរុ ដែលមានប្រាសាទនានានៅកណ្តាលជាតំណាង ។ ដោយជំនឿនេះហើយអ្នកទេសចរភាគច្រើនតែងតែទៅសំពះគោរពបូជាតាមជំនឿសាសនា ឬបួងសួងសុំសេចក្ដីសុខ ក្នុងនោះក៏មានអ្នកលួចលែងសត្វជាច្រើនប្រភេទផងដែរដូចជា ត្រី អណ្ដើក និងសត្វមួយចំនួនទៀត ប៉ុន្ដែសកម្មភាពនេះអាជ្ញាធរជាតិអប្សរា មិនគាំទ្រទេ៕