អង់គ្លេសអគុណកម្ពុជាក្នុងការស្វះស្វែងរកសាកសពស្រ្ដីជនជាតិរបស់ខ្លួន ដែលបាត់ខ្លួននៅលើកោះរ៉ុង

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ

ភ្នំពេញ៖ រដ្ឋាភិបាលអង់គ្លេសបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានស្វះស្វែងរកសាកសពស្រ្ដីជនជាតិអង់គ្លេសដែលបានបាត់ខ្លួននៅ​លើកោះរ៉ុង​កាលពីពេលកន្លងទៅនេះ ដែលនេះបានសរបញ្ជាក់ឲ្យឃើញថារាជរដ្ឋាភិបាលកម្ពុជាមានទំនួលខុសត្រូវខ្ពស់ចំពោះជនបរទេសនៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអោយដឹងថា លោកជំទាវ Heather Wheeler MP រដ្ឋមន្ត្រីទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក នៃចក្រភពអង់គ្លេស បានផ្ញើទៅលោជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតនៃស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងឡុងដ៍បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បន្ទាប់ពីកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩មកលោកជំទាវសូមថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រើគ្រប់មធ្យោបាយក្នុងការស្វែងរកសាកសព ជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge»។
សេចក្ដីប្រកាសព័ត៌មានដដែលបានអោយដឹងទៀតថា លោកជំទាវ Heather Wheeler MPបានតាមដានករណីនោះយ៉ាងយកចិត្តទុកដាក់និងសូមសម្តែងការដឹងគុណដល់ក្រុមការងារ រុករក និងសង្គ្រោះបន្ទាន់ ដែលបានបំពេញភារកិច្ចអស់ពីលទ្ធភាព។ លោកជំទាវ Heather Wheeler MP បានយល់នូវការលំបាករបស់អ្នកពាក់ព័ន្ធទាំងអស់កាលពីសប្តាហ៍កន្លងទៅ បើទោះបីទទួលលទ្ធផលសោកនាដកម្មក្តី លោកជំទាវសូមទទួលស្គាល់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធទាំងអស់
សូមបញ្ជាក់ថា នារីជនជាតិអង់គ្លេសឈ្មោះ Amelia មានវ័យ២២ឆ្នាំ ដែលបានបាត់នៅកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចរកឃើញសពរបស់នាង អណ្ដែតទៅដល់ខេត្តកោះកុង ជាប់ព្រំដែនទឹកប្រទេសថៃ ដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រពីកោះរ៉ុង។ បន្ទាប់ពីការធ្វើកោសល្យវិច្ច័យយ៉ាងយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញថា នារីរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន មិនមែនជាករណីអ្វីផ្សេងនោះទេ៕