កូរ៉េខាងជើងបង្ហាញអំពីសំណើរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចពិភាក្សាក្នុងខែធ្នូ  បន្ទាប់ពីមានការអំពាវនាវសារជាថ្មីសម្រាប់ដំណោះស្រាយថ្មី

AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩​ — កាលពីថ្ងៃព្រហស្បតិ៍ ប្រេសិតនុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងជើងបាននិយាយថា សហរដ្ឋអាមេរិកបានផ្តល់សំណើរសម្រាប់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើងនៅក្នុងខែធ្នូ ខាងមុខនេះ ប៉ុន្តែទីក្រុងព្យុងយ៉ាងមានឆន្ទៈចូលរួមលុះត្រាតែទីក្រុងវ៉ាស៊ីនតោនបង្ហាញនូវដំណោះស្រាយជាមូលដ្ឋានមួយ ដើម្បីដោះស្រាយភាពជាប់គាំងនុយក្លេអ៊ែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានកូរ៉េ ( KCNA ) ដែលជាប្រធានក្រុមចរចានុយក្លេអ៊ែររបស់កូរ៉េខាងជើង លោក Kim Myong-gil បានបង្ហាញថា សមភាគីសហរដ្ឋអាមេរិក គឺលោក Stephen Biegun ថ្មីៗនេះបានស្នើសុំរៀបចំកិច្ចប្រជុំនៅខែក្រោយតាមរយៈប្រទេសទីបី។

លោក គីម បាននិយាយថា «ប្រសិនបើកិច្ចពិភាក្សាស្វែងរកដំណោះស្រាយនៃបញ្ហាអាចធ្វើទៅបាន យើងត្រៀមខ្លួនជួបជាមួយសហរដ្ឋអាមេរិកនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។

ប៉ុន្តែលោកក៏បានជំរុញឱ្យសហរដ្ឋអាមេរិក ដាក់ចេញនូវដំណោះស្រាយជាមូលដ្ឋាន ចំពោះគោលនយោបាយអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោនឆ្ពោះទៅក្រុងព្យុងយ៉ាងមុនពេលអង្គុយជជែកពិភាក្សា។

ប្រេសិតរូបនេះបានព្រមានថា លោកមិនមានឆន្ទៈក្នុងការធ្វើកិច្ចចរចាអ្វីនោះទេ ប្រសិនបើសហរដ្ឋ      អាមេរិកព្យាយាម «អំពាវនាវ» ដល់កូរ៉េខាងជើងដើម្បីឱ្យផុតកាលបរិច្ឆេទកំណត់ដូចដែលបានធ្វើនៅក្នុងកិច្ចចរចាកម្រិតការងាររបស់ពួកគេនៅក្នុងទីក្រុង Stockholm កាលពីខែតុលា។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បានបន្តកិច្ចចរចានៅរដ្ឋធានីនៃប្រទេសស៊ុយអ៊ែតកាលពីខែមុន បន្ទាប់ពីមានភាពជាប់គាំងជាច្រើនខែ ប៉ុន្តែកិច្ចចរចាបានបែកបាក់ ដោយកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា មានភាពបរាជ័យក្នុងការធ្វើសំណើថ្មី។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកំណត់កាលបរិច្ឆេទនៅចុងឆ្នាំនេះសម្រាប់សហរដ្ឋ     អាមេរិកដើម្បីដាក់សំណើស្តីពីការយល់ព្រមរបស់កូរ៉េខាងជើង ក្នុងការដកហូតអាវុធនុយក្លេអ៊ែរជាថ្នូរនឹងការដោះដូរសម្បទានសេដ្ឋកិច្ច និងនយោបាយ។

កិច្ចចរចានេះ គឺនៅទ្រឹងចាប់តាំងពីជំនួបកំពូលរវាងលោក គីម និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងអ្វីសោះកាលពីខែកុម្ភៈ នៅក្នុងប្រទេសវៀតណាម៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)