បំពង់បឺតជ័រ កែវជ័រកាហ្វេ និងផលិតផលធ្វើពីប្លាស្ទិកមួយចំនួនទៀតនឹងត្រូវហាមឃាត់ការប្រើប្រាស់

វិទ្យុជាតិកម្ពុជា, អត្ថបទ៖ វ៉ាង ភក្តី ១៥ ១១ ២០១៩
MC: ផលិតផលធ្វើពីប្លាស្ទិកមានដូចជា៖ បំពង់បឺតជ័រ កែវជ័រសម្រាប់ផឹកទឹក ឬ កែវជ័រសម្រាប់ដាក់កាហ្វេ ប្រអប់បាយស្នោរ ស្លាបព្រាជ័រ ជាដើមនេះ នឹងត្រូវហាមឃាត់ការប្រើប្រាស់ ក្រោយពេលក្រសួងបរិស្ថាន ចេញអនុក្រឹត្យស្តីពីការហាមឃាត់ការនាំចូល និងការផលិតផលិតផលធ្វើពីប្លាស្ទិក ដែលប្រើប្រាស់ម្តងហើយបោះចោល។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឲ្យដឹងថា ក្រុមមន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន កំពុងរៀបចំអនុក្រឹត្យហាមឃាត់ការនាំចូល និងការផលិតផលិតផលធ្វើពីប្លាស្ទិកមួយចំនួនដែលប្រើប្រាស់ម្តងហើយបោះចោល សំដៅកាត់បន្ថយការបំពុលបរិស្ថាន ដោយការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក។
ថ្លែងប្រាប់វិទ្យុជាតិកម្ពុជានៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា អនុក្រឹត្យដែលត្រូវឆ្លងយោបល់ជាលក្ខណៈអន្តរក្រសួងខាងមុខនេះ នឹងហាមឃាត់ការនាំចូល និងការផលិតផលិតផលធ្វើពីប្លាស្ទិកមួយចំនួន ដែលប្រើប្រាស់ម្តងហើយបោះចោលមានដូចជា បំពង់បឺតជ័រ ប្លាស្ទិក ប្រអប់បាយស្នោរ ស្លាបព្រាជ័រ កែវជ័រសម្រាប់ផឹកទឹក ឬ កែវជ័រសម្រាប់ដាក់កាហ្វេ ជាដើម ដើម្បីវិធានការជួយការពារបរិស្ថានពីការបំពុលដោយសំណល់ប្លាស្ទិក ខណៈដែលសំណល់ប្លាស្ទិកជាក្តីកង្វល់រួមរបស់ពិភពលោក។
កាកសំណល់ប្លាស្ទិក ជាកាកសំណល់មិនងាយពុកផុយ និងបានបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សោភណ្ឌភាពទីក្រុង ការកកស្ទះប្រព័ន្ធលូ និងអាចបង្កជាជំងឺមហារីក ជំងឺបេះដូង ផ្លូវដង្ហើម ព្រមទាំងប៉ះពាល់ដល់ស្រទាប់អូសូន នៅពេលគេដុតកាកសំណល់នេះ។
ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យប្រើប្រាស់ផលិតផលជំនួសវិញបានដូចជា កែវទឹកដែលផលិតពីកែវ បំពង់បឺតធ្វើពីក្រដាស់ ឬវត្ថុធាតុដើមពីធម្មជាតិដូចជា បំពង់ឫស្សី បំពង់ដើមថ្នក់ទឹក ដែលមិនប៉ះពាល់ដល់បរិស្ថាន សុខភាព មនុស្ស សត្វ ព្រមទាំងជួយលើកកម្ពស់បរិស្ថាន សោភ័ណភាពសហគមន៍ ទីក្រុង។
លោក ហ្វ្រង់ វីអូល(Frank Viault) តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីសប្តាហ៍មុននេះ បានប្រកាសជំហរគាំទ្រ និងជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក។ លោកមានប្រសាសន៍ថា ការលើកទឹកចិត្តឲ្យមានការកែច្នៃផលិតផលជំនួស អាចចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលជាបញ្ហាដ៏ចម្បងមួយ ក្នុងចំណោមបញ្ហាបរិស្ថានធំៗជាច្រើនទៀត ដែលកើតឡើងជាទូទៅ។
យោងតាមរបាយការណ៍ក្រសួងបរិស្ថាន បង្ហាញថា ក្នុងមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតឡើងមានប្រមាណ៤លានតោន ក្នុងនោះ២០ភាគរយ ជាសំណល់ប្លាស្ទិក ដែលមានដូចជា ថង់ប្លាស្ទិកមានដៃយួរ ដបទឹកជ័រ កែវទឹកជ័រ បំពង់បឺតទឹកជ័រ និងផលិតផលធ្វើពីប្លាស្ទិកផ្សេងៗទៀត។
ដោយឡែក បើតាមរបាយការណ៍របស់អង្គការមូលនិធិអាក់រា (ACRA) ដែលសិក្សាពីកម្រិតនៃការប្រើប្រាស់ប្លាស្ទិក បានបង្ហាញថា ផលិតផលធ្វើពីប្លាស្ទិក ត្រូវបានប្រើប្រាស់ក្នុងបរិមាណច្រើននៅតាមទីប្រជុំជនធំៗនៃប្រទេសកម្ពុជា មានដូចជា រាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ ជាដើម៕