អាជ្ញាធរខេត្តស្ទឹងត្រែងអំពាវនាវឱ្យប្រជាសហគមន៍ធ្វើនេសាទត្រីទៅតាមច្បាប់ជលផលកំណត់

វិទ្យុជាតិកម្ពុជ៖ដោយលោកអ៊ាន គឹមហឿនខេត្តស្ទឹងត្រែង
M.C អាជ្ញាធរ ខេត្តស្ទឹងត្រែង អំពាវនាវឲ្យប្រជាសហគមន៍ ធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ដែលច្បាប់ស្តីជលផល បានកំណត់ ដើម្បីរួមគ្នាអភិរក្សពូជត្រីសំខាន់ៗមួយចំនួន ដែលកំពុងរងនឹងការផុតពូជ ឱ្យសម្បូរបែបឡើងវិញ ជាពិសេសត្រីប៉ាសេរអ៊ី។ អ្នកយកព័ត៌មានយើងរាយការណ៍៖

ក្នុងសិក្ខាសាលាស្តីពីវេទិកា ស្ដីពីកិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាពនៅសាលាខេត្តស្ទឹងត្រែងថ្ងៃទី១៤ វិច្ឆិកា ឯកឧត្តមម៉ុម សារឿនអភិបាលខេត្តមានប្រសាសន៍ថា៖ធនធានជលផលជារបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ដូចនេះ កិច្ចគាំពារថែរក្សា តម្រូវឱ្យយើងនាំគ្នាពុះពារធ្វើកិច្ចការអភិរក្សកុំឱ្យបាត់បង់ ។ឯកឧត្តមមានប្រសាសន៍បន្តថា៖ ក្នុងស្មារតីទទួលខុសត្រូវ ចំពោះធនធានធម្មជាតិ ដែលយើងមានស្រាប់នៅតាមដងទន្លេមេគង្គនេះ ត្រូវតែ បន្តនាំគ្នាអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពក្នុងពេលដែលប្រជាពលរដ្ឋយើងភាគច្រើនជាអ្នកធ្វើនេសាទ។
លោកអូត រដ្ឋា ប្រជាសហគមន៍នេសាទភូមិត្បូងខ្លា ឃុំអូរម្រះស្រុកសៀមបូក បានទទួលស្គាល់ថា៖បច្ចុប្បន្ននៅទីផ្សារក្នុងខេត្តស្ទឹងត្រែងត្រីទន្លេមេគង្គមិនអាចបំពេញតម្រូវការអ្នកបរិភោគបានទេ ហើយប្រជាពលរដ្ឋធ្វើនេសាទតែងតែគោរពច្បាប់បានត្រឹមត្រូវ។លោកអះអាងថា៖ប្រជាសហគមន៍នេសាទក៍ស្រឡាញ់ធនធានមច្ឆជាតិរបស់ខ្លួនដែរ តែនៅរដូវបើកនេសាទនេះ ពួកគាត់នៅតែពិបាកធ្វើនេសាទដ៍ដែល។
លោកវង្ស សាវឿននាយរងខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា៖នៅតាមដែននេសាទនិមួយៗសមត្ថកិច្ចពាក់ព័ន្ធបានចុះអប់រំ ណែនាំ រួចមកហើយ ព្រោះយើងមានកន្លែងខ្លះជាតំបន់ហាមឃាត់ព្រោះវាជាអន្លង់អភិរក្សត្រីមេពូជទើបឆ្មាំនិងមន្ត្រីជលផលបានធ្វើការហាមឃាត់ដើម្បីរក្សាទុកឱ្យវារស់នៅសម្រាប់បន្តពូជពង្សទៅឆ្នាំខាងមុខទៀត។
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានទន្លេចំនួន៤ក្នុងនោះរួមមាន -ទន្លេមេគង្គ- ទន្លេសេសាន -ទន្លេសេកុង -ទន្លេស្រែពក- និងមានអន្លង់អភិរក្សពូជត្រីចំនួន៦០ ក្នុងនោះមានអន្លង់ត្រីផ្សោតចំនួន៤ផងដែរ៕