ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកោតសរសើរអាជ្ញាធរទប់ស្កាត់ផែនការផ្តួលរលំរដ្ឋាភិបាល៩វិច្ឆិកា ដោយជោគជ័យ

វិទ្យុជាតិកម្ពុជា៖ ប៉ុង សុភាវី

កំពត៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានកោតសរសើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដេលបានទប់ស្កាត់ផែនការផ្តួលរលំរដ្ឋាភិបាល៩វិច្ឆិកាដោយជោគជ័យ ដែលមិនឲ្យជនក្បត់ជាតិនៅក្រៅច្បាប់មានឱកាសបង្កចលាចលក្នុងសង្គមកម្ពុជាបានឡើយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ស្ថិតនៅខេត្តកំពត នៅថ្ងៃទី១៤ ខែវិច្ឆិកានេះថា ភាពជោគជ័យនេះដោយសារតែប្រជាពលរដ្ឋចង់ស្រលាញ់សន្តិភាពនិងចង់ថែរក្សាសន្តិភាពអោយបានគង់វង្សព្រោះសន្តិភាពរកបានដោយលំបាកណាស់ទម្រាំមានសន្តិភាពរហូតសព្វថ្ងៃនេះ។
សម្តេចតេជោបន្ថែមថា ប្រជាពលរដ្ឋត្រូវការ សន្តិភាព ត្រូវការគណបក្សប្រជាជនកម្ពុជា ត្រូវការសម្តេច ដឹកនាំប្រទេសបន្តទៀត ប្រជាពលរដ្ឋមិនត្រូវការសង្គ្រាមនោះទេ។
សំឡេង៖ “ខ្ញុំសូមកោតសរសើរ និងអរគុណចំពោះព្រះថេរាអនុថេរៈគ្រប់ព្រះអង្គ ប្រជាពលរដ្ឋនៅទូទាំងប្រទេសក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមទប់ស្កាត់នៅរដ្ឋប្រហារមួយដែលប៉ុនប៉ងដណ្ដើមអំណាចនៅថ្ងៃទី៩ខែវិច្ឆិកាកន្លងទៅ តាមរយៈការចូលរួមទទួលទានហូបអំបុកក្រោមបាវចនា អំបុកខ្មែរថែជាតិសាសនា និងព្រះមហាក្សត្រ។
វាជារឿងចំលែកណាស់ដែលសារនយោបាយបានផ្ដល់ចេញមក នៅថ្ងៃ៩ វិច្ឆិកាគឺជាថ្ងៃចាប់ហ៊ុនសែនដើម្បីយកទៅផ្ដន្ទាទោស ឬត្រូវនារទេះហ៊ុនសែនឲ្យទៅនៅក្រៅប្រទេស ហើយគេចូលគ្រប់គ្រងអំណាចតែម្ដង វាពិតជារឿងចម្លែកណាស់ ដូច្នេះរាជរដ្ឋាភិបាលគ្មានជម្រើសអ្វី ក្រៅពីការទប់ស្កាត់ឲ្យខានទាល់តែបានដោយគ្រប់វិធី ដើម្បីធានានូវសន្តិភាពនិងសន្តិសុខសម្រាប់ប្រជាពលរដ្ឋរបស់យើង។ សន្តិសុខមានតម្លៃខ្លាំងណាស់ ដោយសារតែសន្តិសុខហើយ ទើបប្រជាពលរដ្ឋរបស់យើង សប្បាយរីករាយនៅក្នុងពេលបុណ្យជាតិ ៩ វិច្ឆិកា នឹងបុណ្យអុំទូកថ្ងៃ ១០ ១១ ១២ កន្លងទៅ អុំទូក អកអំបុក សំពះព្រះខែលយប្រទីប របស់យើង។”