ប្រមុខរាជរដ្ឋាភិបាលស្នើឱ្យអាជ្ញាធរ និងពលរដ្ឋរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងខាងមុខ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា
កំពត៖ ប្រមុខរាជរដ្ឋាភិបាល បានស្នើឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់រក្សាទឹកទុក សម្រាប់ប្រើប្រាស់ និងបង្កបង្កើនផលក្នុងរដូវប្រាំងខាងមុខ ខណៈកាលពីរដូវប្រាំងកន្លងទៅជួបបញ្ហា
កង្វះខាតទឹក។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថាគ្រប់ខេត្តទាំងអស់ត្រូវរក្សាទឹកទុក តាមរយៈរក្សាប្រភពទឹក ឬការប្រើប្រាស់ដោយសន្សំសំចៃ ដើម្បីបង្ការបញ្ហាខ្វះនៅពេលខាងមុខ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍របស់ក្រុមហ៊ុនថៃ ប៊ុន រ៉ុង ស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី១៤ ខែវិច្ឆិកា សម្តេចតេជោ បានបញ្ជាក់ថា រដូវវស្សាត្រូវបានបញ្ចប់ទាំងស្រុង ហើយបានឈានចូលរដូវរំហើយ និងរដូវប្រាំងដែលធ្វើឲ្យបរិមាណទឹកភ្លៀងមានការថយចុះ ហើយទាមទាឲ្យប្រជាពលរដ្ឋចេះរក្សាប្រភពទឹក ឬការប្រើប្រាស់ដោយសន្សំសំចៃ សម្រាប់ការងារបង្កបង្កើនផលទៅមុខទៀត។
សំឡេង៖ «សូមអំពាវនាវដល់បងប្អូនមេត្តាថែទាំទឹកនៅក្នុងស្រែ និងថែទាំទឹកនៅក្នុងប្រឡាយទឹកទាំងអស់ ទំនប់ អាងទឹក ស្តុកទឹក ត្រូវខិតខំ ថែរក្សា មិនតែខេត្តកំពតទេ គ្រប់ខេត្តទាំងអស់ អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន។ អញ្ជឹងត្រូវមានការប្រុងប្រយ័ត្នជាមួយនិងការរក្សាទឹកទុកព្រោះកុំឲ្យមានការលំបាក នៅចុងរដូវ។ អញ្ជឹងបានមានការចលនាផ្ទេរធ្វើស្រូវធ្ងន់ មកកាន់ស្រូវកណ្តាល ផ្ទេរពីស្រូវកណ្តាលមកស្រូវស្រាល យើងអាចទទួលបានផលច្រើនជាង ដែលឆ្នាំកន្លងទៅគឺយើងនៅសល់ស្រូវប្រមាណជិត៦លានតោន ឯណោះ ហើយឆ្នាំនេះខេត្តកំពតធ្វើសម្រេចរហូតទៅដល់ជាង១០០ភាគរយ ហើយទន្និផល ប្រមាណ៣តោន ក្នុង១ហិកតា ដែលចាត់ទុកថាជាចំនួនដ៏ធំៗមួយ។ អញ្ជឹងទេត្រូវបន្តការខិតខំអំពាវនាវពីទីនេះទៅកាន់ប្រជាពលរដ្ឋដែលជាប្រជាកសិករនៅទូទាំងប្រទេស ក៏ដូចជាអាជ្ញាធរដែនដី ជាមួយការថែរក្សាទឹកទុកនៅក្នុងអាង នៅក្នុងទំនប់ នៅក្នុងស្រែរបស់ខ្លួន ដើម្បីធនាថា មិនមានអ្វីកើតឡើងនៅចុងរដូវនោះទេ។»