រដ្ឋបាលរាជធានីឯកភាពពន្លឿនការស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរនិងមុខសាសាបឋមសិក្សាសន្ធរម៉ុកឲ្យហើយនៅពាក់កណ្តាលឆ្នាំ២០២០

វិទ្យុជាតិកម្ពុជាអត្ថបទ៖ ហុក សុខរិន ១៤ ១១ ១៩៖

រដ្ឋបាលរាជធានីសន្យាស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២កន្លែងនៅត្រង់ផ្សារដើមគរនិងមុខសាសាបឋមសិក្សាសន្ធរម៉ុកឲ្យហើយនៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ ខណៈដែលកុ្រមការងារជំនាញចាប់ផ្តើមកំណត់ទីតំាងស្ថាបនានិងខួងដីយកទៅពិសោធន៍រួចរាល់។
អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យក្រុមហ៊ុនចុះស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់ ផ្សារដើមគរនិងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុកចាប់ពីសប្តាហ៍នេះទៅដើម្បីឲ្យទាន់តាមផែនការក្នុងរយៈពេល៦ខែទៀតរួចរាល់ ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាពដែលមិនប្រឈម ទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។
ថ្លែងក្នុងកិច្ចប្រជុំរវាងអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ការពន្លឿនស្ថាបនាស្ពានអាកាសថ្មើរជើងទំាង២កន្លែងនេះ ដោយសារតែមានការគាំទ្រពីប្រជាពលរដ្ឋចង់ឲ្យមានការស្ថាបនាឲ្យបានឆាប់។ ឯកឧត្តមបានបន្តថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារ ដើមគរក្រុមមន្រ្តីជំនាញបានចាប់ផ្តើមស្ថាបនាជាបណ្តើរៗហើយដូចជាការកំណត់ទីតំាងការដ្ឋាន ការខួងដីយកទៅពិសោធន៍ និងការដោះស្រាយផលប៉ៈពាល់ជាមួយប្រជាពលរដ្ឋ។ ចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញអាចនឹងចុះកំណត់ទីតំាងស្ថាបនានៅសប្តាហ៍ក្រោយ ដោយសារក្រុមអ្នកជំនាញត្រូវការសិក្សាឲ្យបានល្អិតល្អន់បន្ថែមទៀត ព្រោះស្ពានអាកាសនេះនៅលើចំនុចផ្លូវប្រសព្វទំាង៤ទិសតែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាពទោះពួកគេមកពីទិសខាងណាក៏ដោយ។
ឯកឧត្តមអភិបាលបានបានអៈអាងថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងទំាង២នេះ នឹងស្ថាបនាឡើងឲ្យធានាបានគុណភាពខ្ពស់បំផុតរហូតដល់៥០ឆ្នាំឡើងទៅ ពិសេសការរចនា ជណ្តើរឡើងឲ្យមានភាពងាយស្រួលឡើងចុះទំាងកុមារនិងមនុស្សចាស់ ដែលអាចធ្វើដំណើរឆ្លង កាត់បាន។
សម្លេង«ឯកភាពសិក្សាស្ថាបនាឲ្យលឿនហើយខួងដំណើរការភ្លាម ដើម្បីយើងដោះស្រាយផលប៉ៈពាល់បន្ថែម ដើម្បីឈានទៅការសាងសង់អោយបានលឿនព្រោះជាគម្រោងសាក់ល្បង មិនត្រឹមតែថ្នាក់ដឹកនាំចាំមើលនោះទេ ប្រជាពលរដ្ឋក៏ទន្ទឹងចងបានស្ពានអាកាសថ្មើរជើងនេះដែរ ដើម្បីជាប្រយោជន៍សម្រាប់អ្នកថ្មើរជើងឆ្លងផ្លូវដោយសុវត្ថិភាព»។
តំណាងក្រុមហ៊ុនស្ពេក មេឌៀ ដែលទទួលសិទ្ធិក្នុងស្ពានអាកាសថ្មើរជើងទំាង២កន្លែង នេះបានសន្យានឹងអនុវត្តផែនការស្ថាបនាគ្រោងស្ពានអាកាសថ្មើរជើងទំាង២កន្លែងនេះអោយ ហើយតាមផែនការកំណត់ ហើយប្រកបដោយគុណភាពនិងសោភ័ណភាពដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យធ្វើដំណើរឆ្លងកាត់ស្ពានអាកាសថ្មើរជើងនេះ។
សូមបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបាន ច្រើន កន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕