សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋដែលចាញ់បោកក្រុមក្បត់ជាតិ ហើយរត់ ចោលស្រុក សូមត្រឡប់មកផ្ទះវិញ រាជរដ្ឋាភិបាលមិនយកទោសនោះទេ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​៖

សម្តេតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលចាញ់បោកក្រុមក្បត់ជាតិ ហើយរត់ ចោលស្រុក ទៅប្រទេសថៃ ឬប្រទេសផ្សេងៗ ក៏ដូចជារត់ទៅលាក់ខ្លួននៅតាមបណ្តាខេត្ត នានា សូមត្រឡប់មកផ្ទះវិញ រាជរដ្ឋាភិបាលមិនយកទោសនោះទេ។សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី១៤ ខែវិច្ឆិកា នេះ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ដើម្បីដោះលែងឲ្យនៅក្រៅឃុំ ចំពោះអ្នកទាំងឡាយណាដែលបានចាប់ខ្លួនពីបទមានគំរោង ផ្តួលរំលំរាជរដ្ឋាភិបាល តាមសំណើរបស់សាម៉ីខ្លួន ក្រុមគ្រួសារ ឬមេធាវី។សម្តេចតេជោ បញ្ជាក់ថា នេះជាកិច្ចការដែលចាំបាច់ត្រូវតែធ្វើ ក្នុងគោលដៅបង្រួបបង្រួមជាតិ រក្សាសន្តិភាព និងសេចក្តីសុខជូនប្រជាពលរដ្ឋ ព្រោះពួកគាត់ គ្រាន់តែចាញ់បោកគេតែប៉ុណ្ណោះ។