ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសមិនចុះហត្ថលេខាសុំការលើកលែងទោសឲ្យ មនុស្សដដែលនោះទេ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​៖

សម្តេចតេជោ បានប្រកាសយ៉ាងដាច់អហង្ការថា មិនចុះហត្ថលេខាសុំការលើកលែងទោស ពីព្រះមហាក្សត្រ ឲ្យមនុស្សដដែលនោះទេ។ សម្តេតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី១៤ ខែវិច្ឆិកា នេះ ទោះសម្តេចមិនប្រកាសឲ្យចំឈ្មោះ ប៉ុន្តែប្រជាពលរដ្ឋអាចដឹងថា សំដៅទៅលើអតីតមេដឹកនាំបក្សប្រឆាំង។សម្តេចតេជោ បន្ថែមថា ប្រជាពលរដ្ឋត្រូវការ សន្តិភាព ត្រូវការគណបក្សប្រជាជនកម្ពុជា ត្រូវការសម្តេច ដឹកនាំប្រទេសបន្តទៀត ប្រជាពលរដ្ឋមិនត្រូវការសង្គ្រាមនោះទេ។សម្តេចតេជោ បញ្ជាក់ថា ក្រុមក្បត់ជាតិ បានអំពាវនាវឲ្យសម្តេចក្រឡាហោម ធ្វើបក្សប្រហារ ដើម្បីផ្តួលរំលំសម្តេច ហើយ ក៏បានអំពាវនាវដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឲ្យទម្លាក់សម្តេចដូចគ្នា។ សម្តេចតេជោ បានផ្តាំត្រឡប់ទៅវិញថា សូមកុំគិតងាយពេក ព្រោះផ្ទៃក្នុងគណបក្សប្រជាជន កម្ពុជា មិនងាយឲ្យអ្នកណាបំបបែកបំបាក់បាននោះទេ គណប្រជាជនកម្ពុជា រឹងមាំគឺដោយសារសាមគ្គីភាព ឯកភាពផ្ទៃក្នុង។