ប្រជាកសិករត្រឡប់ទៅស្រុកធ្វើស្រែចំការវិញក្រោយពីចូលរួមសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា
ភ្នំពេញ៖ប្រជាកសិករបានប្រកាសវិលត្រឡប់ទៅស្រុកធ្វើស្រែចំការវិញ បន្ទាប់ពីបានពីចូលរួមសប្បាយរីករាយក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុ ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះនៅក្នុងរាជធានីភ្នំពេញ។

លោក ឡាំ ស្រ៊ុន

លោក ឡាំ ស្រ៊ុន ប្រជាពលរដ្ឋមកខេត្ដកណ្ដាល បានលើកឡើងថា បន្ទាប់ពីបញ្ចប់ពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ លោកចាប់ផ្ដើមធ្វើស្រែ ចំការ ដាំបន្លែ និងធ្វើស្រូវប្រាំ ជាធម្មតាឡើងវិញ បន្ទាប់ពីរដូវទឹកសំរកចូលមកដល់។
លោកបញ្ជាក់ថា ប្រជាកសិករក្នុងភូមិលោកស្ទើរតែគ្រប់គ្រួសារបានត្រៀមលក្ខណៈរួចរាល់ហើយ ដូចជាគ្រប់ពូជស្រូវ ជីនិងសម្ភារៈធ្វើស្រែចំការផ្សេងៗ។

ក្នុងឱកាសនាំកូនមកលេងបុណ្យអុំទូកនៅរាជធានីភ្នំពេញ ឆ្នាំនេះ អ្នកស្រី ឃុត ណារិន ប្រជាពលរដ្ឋមកខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ក្រោយពីត្រឡប់ទៅពីបុណ្យអុំទូកនេះ អ្នកស្រីចាប់ផ្ដើមទៅច្រូតស្រូវវស្សា ដែលចាប់ផ្តើមទុំបណ្តើៗហើយនោះ ធ្វើយ៉ាងណាប្រមូលផលឱ្យទាន់ពេលវេលា ដើម្បីទុកផ្តត់ផ្គង់ជីភាពបន្តទៅថ្ងៃមុខទៀត។

អ្នកស្រីបន្ដថា ឆ្នាំនេះ អុំទូកក៏សប្បាយព្រោះមានការរៀបចំល្អ ចំណែកឯ ស្រែចំការក៏ទទួលបានទន្នផលខ្ពស់ថែមទៀត ដោយសារធម្មជាតិអំណោយផលល្អមានភ្ញៀងធ្លាក់គ្រប់គ្រាន់តាំងពីដើមទីរៀងមក។

ឯកឧត្ដម នុត ចាន់សុខា អនុរដ្ឋលេខាធិការប្រចាំការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យប្រជាពលរដ្ឋកំពុងតែបង្កបង្កើនផលលើវិស័យកសិកម្មក្នុងឆ្នាំនេះ ត្រូវយកចិត្ដទុកដាក់ និងតាមដានព័ត៌មានពីមន្ដ្រីជំនាញ ដើម្បីទទួលបានបច្ចេកទេស និងការគ្រប់គ្រងពីធនធានទឹក ដែលអាចបង្កបង្កើនផលបានបរិមាណខ្ពស់។

អ្នកស្រីឃុត ណារិន ជាកសិករ

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រជាជនប្រកបមុខមុខរបកសិកម្មជាង ៤០ភាគរយ នៃប្រជាពលដ្ឋទាំងអស់ ហើយវិស័យកសិកម្មនេះបានជួយលើកម្ពស់ជីវភាពរបស់កសិករឱ្យមានភាពធូធារបានយ៉ាងល្អប្រសើរ៕