រដ្ឋបាលរាជធានីភ្នំពេញថាប្រជាពលរដ្ឋខ្លួនចាប់ផ្តើមយល់ដឹងច្រើនលើការថែរក្សាអនាម័យបរិស្ថាន

វិទ្យុជាតិកម្ពុជា៖លោក ហុក សុខរិន
ភ្នំពេញ៖លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ក្នុងឧិកាសប្រារព្វពិធីអបអរសាទរ ទិវាអនាម័យនិងបរិស្ថានជាតិ២៣វិច្ឆិកា ដែលបានធ្វើឡើងនៅមុខវត្តបទុមវតី្តនាព្រឹកថ្ងៃទី១៣វិច្ឆិកានេះ បាន វាយតំលៃថា បុណ្យអុំទូកឆ្នាំនេះយើង គ្រប់គ្រងសំរាម និងសំណល់ផ្សេងៗបានល្អដោយសារមានការចូលរួមនិងការយល់ដឹងពីប្រជាពលរដ្ឋក៏ដូចជាការចូលរួមពីផ្នែកពាក់ពន្ធ័  ក្នុងនោះមានយុវជនស្មគ្រ័ចិត្ត,សហភាពសហពន្ធ័យុវជនកម្ពុជា,អាជ្ញាធរដែនដី។ លោកបានអភិបាលរងបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធររាជធានីភ្នំពេញ មានការរៀបចំផែនការច្បាស់លាស់លើការកែលំអរសោភណ្ឌភាពទីក្រុង ហេដ្ឋារចនាសម្ពន្ធ័ជាពិសេសការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកដ៏ច្រើនកុះករនៅមុខព្រះបរមរាជវាំងនិងដើរលេងកំសាន្តតាមរមណីដ្ឋាននានាបានសប្បាយរីករាយដោយមិនមានការព្រួយបារម្មណ៍ចំពោះបញ្ហាសុខសន្តិភាព។
លោក ហួត ហៃ ថ្លែងថា ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភ័ណភាពទីក្រុងនិងសុខភាពសាធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើក កំពស់គ្រប់គ្រងសំណល់រឹងសំរាមឲ្យបានត្រឹមត្រូវដោយត្រូវចេះវេចខ្ចប់ និងញែក
សំរាមទៅតាមប្រភេទដូចជាសំណល់អាចកែឆ្នៃបាន,សំណល់សរីរាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់និងសំណល់ផ្សេងៗដើម្បីប្រែក្លាយសំណល់មួយចំនួនឲ្យ មានតំលៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណកាកសំណល់នៅតាមទីលានចាក់សំ រាម។
ទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា មានគោលបំណងចលនាឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ, កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និសិ្សតគ្រប់ភូមិសិក្សាឪ្យចូលរួមធ្វើអនាម័យកែលំអរសោភណ្ឌភាពទីក្រុង ទីប្រជុំ ជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារសំដៅរួមចំណែកកសាងសង្គមកម្ពុជាឲ្យិមានបរិស្ថានល្អស្អាត និងមានភាព ស្រស់បំព្រង។
សូមបញ្ជាក់ថា ទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកានៅរាជធានីភ្នំពេញនេះមានប្រជាពលរដ្ឋជាច្រើនបានរួមគ្នាធ្វើអនាម័យនៅគោលដៅចំនួន៩ ដោយដើររើសសំរាមតាមដងផ្លូវ,តាមសួនច្បារទីសាធារណៈដើម្បីបំផុសស្មារតីប្រជាពលរដ្ឋឲ្យ  ចូលរួមលើកកំពស់សោភ័ណភាព អនាម័យបរិស្ថានទីក្រុងឲ្យកាន់តែប្រសើរឡើង៕