កូរ៉េខាងជើងទាមទារឱ្យសហរដ្ឋអាមេរិកអនុវត្តន៍កិច្ចព្រមព្រៀង នៃកិច្ចប្រជុំកំពូលនៅសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩​ — កាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិបានជំរុញឱ្យសហរដ្ឋអាមេ-រិកអនុវត្តន៍កិច្ចព្រមព្រៀងកាលពីឆ្នាំមុនរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយនិយាយថា ប្រទេសទាំងពីរមានការរីកចម្រើនតិចតួចនៅក្នុងទំនាក់ទំនងរបស់ពួកគេដោយសារតែ «ការបង្កហេតុនយោបាយ និងយោធា» របស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន AP បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតលោក គីម សុង បានធ្វើការរិះគន់យ៉ាងខ្លាំងនៅក្នុងសុន្ទរកថាមួយនៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដោយលោកបានចោទប្រកាន់ពី «ភាពមិនអើពើភាពនៃតថភាពជាក់ស្តែងដែលកំពុងកើតមាននៅឧបទ្វីបកូរ៉េ»។

លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បានបើកកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេនៅប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០១៨ ហើយបានព្រមព្រៀងគ្នា «ធ្វើការងារឆ្ពោះទៅរក» ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ជាថ្នូរនឹងការធានាសន្តិសុខរបស់សហរដ្ឋអាមេរិក។

មេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នាបង្កើតទំនាក់ទំនងថ្មីរវាងប្រទេសរបស់ពួកគេ និងកសាងរបបសន្តិភាពយូរអង្វែងមួយនៅឧបទ្វីបកូរ៉េ ប៉ុន្តែវឌ្ឍនភាពមានភាពយឺតយ៉ាវចំពេលដែលមានការខ្វែងគំនិតគ្នាអំពីថា តើកូរ៉េខាងជើងគួរតែដកហូតអាវុធនុយក្លេអ៊ែរដើម្បីទទួលបានការបន្ធូរបន្ថយទណ្ឌកម្ម និងសម្បទានដទៃទៀតរបស់សហរដ្ឋអាមេរិកដែរឬយ៉ាងណា។

កូរ៉េខាងជើងបានធ្វើបាតុកម្មប្រឆាំងនឹងសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយចាត់ទុកថា ជាការហាត់សមការឈ្លានពាន។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ វាបានបន្តការសាកល្បងមីស៊ីរយៈចម្ងាយខ្លី ខណៈដែលមានការបដិសេធពីការសាកល្បងមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយដែលបានធ្វើកាលពីឆ្នាំ ២០១៧ ។

យោងតាមសារព័ត៌មាន AP បានឱ្យដឹងថា អគ្គរដ្ឋទូតរូបនេះបាននិយាយថា ការអនុវត្តកិច្ចព្រមព្រៀងសឹង្ហបូរី គឺជា «គន្លឹះ» ក្នុងការពង្រឹងសន្តិភាព និងសន្តិសុខ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)