អាស៊ាន នឹងចិនស្វែងរកការជំរុញទំនាក់ទំនងសង្គមវប្បធម៌ និងសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩​ — បណ្តាវិធានការនានាដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសង្គម – វប្បធម៌ និងសេដ្ឋកិច្ចរវាងអាស៊ាន និងចិន គឺជាការផ្តោតសំខាន់នៃសន្និសីទចិន – អាស៊ានលើកទី១២ ស្តីពីប្រជាជនដើម្បីអង្គការមិត្តភាពប្រជាជន (CACPPFO) ដែលបានធ្វើឡើងនៅទីក្រុងបាងដុង ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រតិភូប្រមាណ ១២៥នាក់មកពីអង្គការមិនមែនរដ្ឋាភិបាលរបស់ប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានទាំង១០ បានចូលរួមក្នុងពិធីនេះ។ លោក Sudrajat ប្រធានសមាគមន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គម និងវប្បធម៌ឥណ្ឌូណេស៊ី – ចិន (AICESCC) បាននិយាយថា សន្និសីទនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគោលការណ៍នៃការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងរួមចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅលើពិភពលោកផងដែរ។

ប្រតិភូទាំងអស់បានពិភាក្សាគ្នាអំពីមធ្យោបាយ នៃការពង្រីកការផ្លាស់ប្តូររវាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ ព្រមទាំងពង្រឹងវេទិកានៅក្នុងវិស័យកសិកម្ម ការធ្វើម្ហូប អក្សរសាស្ត្រ ការរចនា ការការពារបរិស្ថាន    ឌីជីថលភាវូបនីយកម្ម និងថាមពល។

ពួកគេក៏បានឯកភាពគ្នាអនុវត្តន៍គម្រោងស្នាក់នៅជាមួយប្រជាជន ក្នុងរយៈពេលខ្លីសម្រាប់និស្សិតដើម្បីបង្ហាញអំពីតម្លៃវប្បធម៌នៃភាគីទាំងពីរ និងបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)