ឯកឧត្តម នេត្រ ភក្ត្រា ៖ សកម្មភាពយុវជនស្ម័គ្រចិត្តមានតម្លៃសម្រាប់ការអប់រំបរិស្ថាន

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី
ភ្នំពេញ៖  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្តល់តម្លៃថា សកម្មភាពសម្អាតអនាម័យបរិស្ថានរបស់យុវជនស្ម័គ្រចិត្ត បានចូលរួមធ្វើជាសកម្មភាពដ៏មានតម្លៃសម្រាប់ការអប់រំបរិស្ថាន និងការប្រតិបត្តិមេត្រីភាពបរិស្ថានល្អ ក៏ដូចជាការបញ្ជ្រាបចំណេះដឹង និងការគ្រប់គ្រងសំណល់រឹង សំរាមដល់សាធារណជន។
ការថ្លែងនេះ បានធ្វើឡើងនៅចំពោះមុខក្រុមយុវជនស្ម័គ្រចិត្តជាច្រើនរយនាក់ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយកម្លាំងចិត្តរបស់ខ្លួនក្នុងចូលរួមសហការជាមួយកម្លាំងយុវជនស្ម័គ្រចិត្តជាច្រើនទៀត ក្នុងការសម្អាតអនាម័យបរិស្ថាននៅក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញស្អាត និងមានបរិស្ថានល្អ។
ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា «សកម្មភាពរបស់យុវជននឹងបន្សល់ទុកនូវការចងចាំសម្រាប់ពលរដ្ឋខ្មែរ បានបន្សល់នូវការគោរព ស្រឡាញ់បរិស្ថាន ក្នុងក្រអៅបេះដូងរបស់មនុស្សរាប់ម៉ឺនសែននាក់ដែលបានឃើញប្អូនៗសម្អាតអនាម័យបរិស្ថាន នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែអកអំបុក»។ ឯកឧត្តម បន្តថា បរិស្ថានស្អាតក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ដោយសារតែមានក្រុមអ្នកសម្អាតអនាម័យបរិស្ថានផ្ទាល់សកម្មខ្លាំង មានក្រុមយុវជនស្ម័គ្រចិត្តជាច្រើនចូលរួម និងការកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋទុកដាក់សំរាមបានត្រឹមត្រូវ ទុកដាក់ក្នុងធុងសំរាមដែលបានដាក់ពង្រាយនៅតាមទីតាំងនានា។
សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០១៩នេះ មានអ្នកសម្អាត និងប្រមូលសំរាមផ្ទាល់មានចំនួន៩០០នាក់ ក្នុងនោះអ្នកប្រមូលសំរាមមកពីក្រុមហ៊ុន ECO AD មានចំនួន៨៦នាក់ ក្រុមហ៊ុនស៊ិនទ្រីមានចំនួន៥១៤នាក់ មកពីមន្ទីរសាធារណៈការ៣០០នាក់។
ជាមួយគ្នានេះ ក៏មានក្រុមអប់រំផ្សព្វផ្សាយ និងចូលរួមសម្អាតអនាម័យបរិស្ថានមានចំនួន១១៣០នាក់ផ្សេងទៀត ដែលក្នុងនោះមានមកពីយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ មន្ទីរអប់រំយុវជននិងកីឡា ទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថាន យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្លាំងសណ្ដាប់ធ្នាប់របស់រដ្ឋបាលខណ្ឌដូនពេញ យុវជនស្ម័គ្រចិត្តក្រៀលកម្ពុជាសហការជាមួយក្រសួងបរិស្ថាន ខណៈសាលារាជធានីភ្នំពេញ ក៏បានដាក់ពង្រាយធុងសំរាម និងកញ្ឆេរជាង២.០០០ នៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទុកដាក់សំរាមរបស់ខ្លួន។
ក្នុងការចូលរួមសម្អាតអនាម័យបរិស្ថាន ក្រុមអ្នកសម្អាតផ្ទាល់ និងក្រុមអ្នកផ្សព្វផ្សាយបានចុះនៅតាមទិសដៅសំខាន់ៗដូចជា៖ ទីតាំងចាប់ពីរង្វង់មូលវត្តភ្នំរហូតដល់មុខព្រះបរមរាជវាំង សួនវត្តលង្ការហូតដល់ក្រសួងបរិស្ថាន រង្វង់មូលសម្ដេចសង្ឃជួនណាតរហូតដល់ព្រះបរមរាជវាំង ផ្នែកត្រើយខាងកើតស្ពានជ្រោយចង្វារដែលពិនិត្យចាប់ពីសួនច្បារព្រះនាងបញ្ញាបារមីទៅសណ្ឋាគារសុខា និងសួនព្រះនាងប្រាជ្ញាបារមីទៅកន្លែងកីឡាករអុំទូកស្នាក់នៅ៕