ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះបានបញ្ចប់ដោយភាពជោគជ័យក្រោមម្លប់សុខសន្តិភាព និងភាពសប្បាយរីករាយក្រៃលែង

វិទ្យុជាតិកម្ពុជា ហុក សុខរិន ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩៖

ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះអកអំបុកខែឆ្នាំ២០១៩នេះបានបញ្ចប់ទៅ ដោយភាពជោគជ័យក្រោមម្លប់សុខសន្តិភាពនិងភាពសប្បាយរីករាយក្រៃលែងក្រោមព្រះរាជធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត។
ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ២០១៩នេះបានប្រព្រឹត្តទៅយ៉ាងមហាឡារឹកជាទីបំផុតក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយនឹងមហាជនចូលរួមមកយ៉ាងច្រើនកុះករ ដែលធ្វើឲ្យព្រះរាជពិធីនេះមានភាពអធឹកអធមសប្បាយក្រៃលែង។
នៅរសៀលថ្ងៃទី១២ខែវិច្ឆិកានេះ ដែលជាថ្ងៃទីបី បិទបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឬទ័យស្តេចយាងទតដោយ ផ្ទាល់ពីសកម្មភាពការប្រណាំងទូកង ទូកមួងរបស់ក្រុមកីឡាករ កីឡាការិនីមកពីតាមបណ្តាខេត្តដែលបានចូលរួមប្រណាំងយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមជ័យលាភីត្រលប់ទៅកាន់ស្រុក កំណើតវិញ។
ក្រោយព្រះពិធីប្រណាំងបានបញ្ចប់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការដ៏ខ្ពង់ ខ្ពស់បំផុតព្រះអង្គបានសព្វព្រះរាជហឬទ័យប្រទានពានរង្វាន់ដល់ក្រុមកីឡាករ កីឡាការិនីទូកង ទូកចែវដែលទទួលបានជ័យលាភីជាទូកឆ្នើមលេខ១ដែលមានល្បឿនលឿនជាងគេ រួមទំាងទូកដែលមានសោភ័ណភាពល្អស្រស់ស្អាតជាងគេផងដែរ។
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានគណៈកម្មការបច្ចេកទេសប្រណាំងទូកបានឲ្យដឹងថា ព្រះរាជពិធីប្រណាំងទូករយៈពេលបីថ្ងៃនេះបានបញ្ចប់ដោយភាពជោគជ័យនិងរលូនជាទីបំផុត បើទោះបីជាទឹកទន្លេសាបទាបជាងឆ្នាំមុខ បន្តិចក៏ដោយ ហើយការប្រណាំងទូកធានាសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ណាមួយកើតឡើង ចំពោះក្រុមកីឡាករ កីឡាការិនីឡើយ ពិសេសព្រះរាជពិធីកាត់ព្រ័តនិងចាប់កូនខ្លែងបាន ប្រព្រឹត្តទៅយ៉ាងល្អនិងមានរបៀបរៀបរយស្រស់ស្អាតប្រៀបបបានយទៅនឹងនៃក្បួនប្រយុទ្ធរបស់កងទ័ពជើងទឹកខ្មែរដ៏អង់អាចក្លាហានវាយបង្ក្រាបបានជោគជ័យលើពួកខ្មំាងសត្រូវ។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងព្រះរាជពិធីប្រណាំងទូកទំាង៣ថ្ងៃនេះ គឺបានបានរកឃើញទូកគូរពិសេសលេខ១ដែលមានល្បឿនលឿនជាងគេប្រចាំឆ្នាំ២០១៩នេះ គឺបានទៅលើទូកឈ្មោះសារ៉ាយតេជោសែនជ័យមកពីខេត្តកណ្តាល ទូកលេខ២ បានទៅលើទូកឈ្មោះឈ្មោះ សម្តេចវិបុលបញ្ញាបារមីមានជ័យមកពីខេត្តតាកែវ និងលេខ៣បានទៅលើទូកឈ្មោះគីរីវង្សសុខសែន ជ័យ មកពីខេត្តតាកែវ។
ឯឧ.បានបន្តថា ទូកដែលទទួលបានជ័យលាភីលេខ១ លេខ២ និងលេខ៣ ទទួលបានពានមួយ បណ្ណសរសើរមួយ រួមទំាងថវិកាមួយចំនួនទៀត ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីដែលបានខិតខំចូលរួមប្រណំាងទូកក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃមកនេះ។ឯកឧត្តមអៈអាងថាឆ្នាំនេះគណៈកម្មការរៀបចំការប្រណាំងទូកបានរៀបចំយ៉ាងល្អប្រសើរដូចការការគូផ្គង់ទូក ការគ្រប់គ្រងទូកក្នុងពេលប្រកួត មិនឲ្យមានការលួចខ្សែទឹកគ្នាបានឡើយ ដើម្បីធានាបានតម្លាភាពក្នុងពេលប្រកួត។
លោក សាត ជា ជាកីឡាករចំណុះទូកងឈ្មោះសារ៉ាយតេជោសែនជ័យមកពីខេត្តកណ្តាលដែលទទួលបានចំណាត់ថ្នាក់១បានបង្ហាញអារម្មណ៍សប្បាយរីករាយ ហើយចាត់ទុក ភាពជោគជ័យនាពេលនេះគឺជាមោទនភាពនេះដែលក្រុមកីឡាករ ប្រណាំងទូករបស់លោកបានខិតខំហ្វឹកហាត់ដែលបានដណ្តើមពានជ័យលាភីត្រលប់ទៅស្រុកកំណើតវិញ។ លោកបន្តថា ការទទួលបានជ័យលាភីនេះ គឺដោយសារមានការគោរពវិន័យសាមគ្គីគ្នា មានការហាត់សមយ៉ាងត្រឹមត្រូវរួមទំាងការហូបចុកគ្រប់គ្រាន់ និងមានសុខភាពល្អជាដើម។
អ្នកស្រីសន ស្រីម៉ាច ជាកីឡាការិនីចំណុះទូកចែវ ឈ្មោះព្រះពៃស្រពមកពីខេត្តកំពុងឆ្នាំង ដែលទទួលបានចំណាត់ថ្នាក់លេខ១ផ្នែកទូចែវនារីវិញក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំដោយចាត់ទុកជ័យលាភីដែលទទួលបានពេលនេះ គឺជាមោទនភាពរបស់នារីទំាងអស់គ្នាដែលបានខិតខំប្រឹងប្រែងហាត់សមសាមគ្គីគ្នាដែលពុំមានការរៀថយឡើយ។
អ្នកស្រីបានសន្យានឹងអញ្ចើញចូល ការប្រណាំងទូក នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនាឆ្នាំក្រោយៗទៀតបើទោះបីជាមានការរវល់យ៉ាងណាក៏ដោយព្រោះការមកប្រណាំងទូកនេះមិនត្រឹមតែបានបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋខែ្មរប៉ុណ្ណោះទេ ប៉ុន្តែបានលើកតម្កើងតម្លៃវប្បធម៌ខ្មែរ និងភាពក្លាយរបស់នារីផងដែរ។
លោក ប៊ុន វាសនា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការស្រាវជ្រាវហោរាសាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិបានមានប្រសាសន៏ប្រាប់វិទ្យុជាកម្ពុជាអោយដឹងថា ប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បំណែ្តតប្រទីប និងសំពះព្រះខែ អកអំបុក យ៉ាងច្រើនកុះករទំាងពេលថ្ងៃ និងពេលរាត្រីដែលមានកន្លែងកម្សាន្ត សប្បាយៗជាច្រើន។លោកបានបញ្ជាក់ថា មូលហេតុដែលនាំអោយប្រជាពលរដ្ឋមកលេងកម្សាន្តដ៏ច្រើននេះ ដោយសារតែព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបានផ្សារភ្ជាប់ជាមួយនឹងបុណ្យឯករាជ្យ ដែលមានរយៈពេលឈប់សំរាកយូរថ្ងៃ និងអាកាសធាតុអំណោយផលល្អធ្វើឲ្យប្រជាពលរដ្ឋមកលេង កម្សាន្តកាន់តែច្រើន។
ចំណែកប្រជាពលរដ្ឋដែលបានចូលរួមទស្សនាការប្រណាំងទូកនិងការកម្សាន្តសប្បាយនាពេលរាត្រីនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំព្រះរាជពិធីបុណ្យនេះបានល្អប្រសើរធ្វើឲ្យប្រជាពលរដ្ឋ ដើរលេងកម្សាន្តមិនបារម្ភពីបញ្ហាសុវត្ថិភាព។ លោកអិល វី ប្រជាពលរដ្ឋមកពីខេត្តត្បូងឃ្មុំដែលបានមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកទំាង៣ថ្ងៃនៅរាជធានីភ្នំពេញបានឲ្យដឹងថា តាមរយៈការមកលេងក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃមកនេះ គឺមានភាពសប្បាយរីករាយ ជាមួយការទស្សនាការប្រណាំងទូកនិងការកម្សាន្តសប្បាយនៅពេលរាត្រីដែលមានភ្លើងចម្រុះពណ៌នៅតាមដងផ្លូវ និងសួនច្បារ ពិសេសគឺការប្រគុំតន្រ្តីខ្នាតធំពីបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក។ លោកអៈអាងថា ភាពសប្បាយរីករាយ នេះដោយសារតែសមត្ថកិច្ចបានផ្តល់ភាពកក់ក្តៅទំាងសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពពុំមានប្រឈមបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងឡើយ។
សូមបញ្ជាកថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក គឺព្រះរាជពិធីបុណ្យប្រចាំឆ្នាំដ៏ធំរបស់កម្ពុជាមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃ១៤កើត១៥កើតនិងថ្ងៃ១រោចខែកត្តិក ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវហើយបានឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំប្រជាពលរដ្ឋកម្ពុជា ក្រោមម្លប់សុខសន្តិភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាល ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា រយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិចូលរួមលេងកម្សាន្ត យ៉ាងច្រើនកុះករ ប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅ៕