ក្រុមគ្រូពេទ្យសង្រ្គោះចល័តរបស់ក្រសួងសុខាភិបាល ឲ្យដឹងថា អ្នកជំងឺដែលមកទទួលសេវាភាគច្រើន គឺមានបញ្ហាវិលមុខ និងឈឺក្បាល

វិទ្យុជាតិកម្ពុជាអត្ថបទ៖ កង មុន្នីរ៉ា ១១. ១១. ១៩៖

ក្រុមគ្រូពេទ្យសង្រ្គោះចល័តប្រចាំការនៅគោលដៅសង្កាត់វត្តភ្នំ និងផ្សាររាត្រី បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមកទទួលសេវាភាគច្រើន គឺមានបញ្ហាវិលមុខ និងឈឺក្បាល មិនមានបញ្ហាជំងឺ ធ្ងន់ធរនោះទេ។
លោកវេជ្ជ.បណ្ឌិត ទ្បាយ គឹម លាង គ្រូពេទ្យចល័តប្រចាំការនៅតំបន់គោលដៅសាលាបឋមសិក្សាកូលាប១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានប្រសាសន៍ប្រាប់អ្នកយកពត៌មានយើងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អបអំបុកនេះ មានប្រជាពលរដ្ឋ កីទ្បាករអុំទូក ក៏ដូចជា កងរាជអាវុធហត្ថ ប្រមាណជាង១០០នាក់ មកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ។ ពួកគាត់ភាគច្រើនមានបញ្ហាវិលមុខ ឈឺក្បាល និង អស់កំលាំង ជាដើម។
អត់មានជួបបញ្ហាអីទេ មានបញ្ហាតិចតួចៗទេ គាត់មកសុំជាសំទ្បី ជាប្រេងខ្យល់ប្រេងកូទ្បា សុំថ្នាំដូចជា ឈឺក្បាល វិលមុខចុកពោះ ចុកដៃ ចុកជើង ភាគច្រើនតែប៉ុណ្ណឹង។
ចំណែក លោកស្រីវេជ្ជបណ្ឌិត កង សុធាវី គ្រូពេទ្យសង្រ្គោះចល័តប្រចាំការនៅតំបន់គោលដៅក្រោយផ្សាររាត្រី ក៏បានឲ្យដឹងដែរថា ការជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងរយៈពេល នៃព្រះរាជពិធីបុណ្យអុំទូកនេះ មិនបានជួបបញ្ហាអ្វីធ្ងន់ធ្ងរនោះទ្បើយ គឺមានតែបញ្ហា ឈឺក្បាល វិលមុខតែប៉ុណ្ណោះ។ លោកស្រីវេជ្ជបណ្ឌិត បន្តថា ថ្នាំសម្រាប់សង្រ្គោះប្រជាពលរដ្ឋ មានដូចជា ថ្នាំឈឺក្បាល ថ្នាំវិលមុខ ចុកពោះ ថ្នាំរាគរូស ប្រភេទវីតតាមីន សារ៉ូមកំលាំង រួមនឹងថ្នាំផ្សេងៗមួយចំនួនទៀត។លោកស្រី ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋពេលជួបបញ្ហាសុខភាព សូមអញ្ជើញមក ទទួលសេវាព្យាបាលនៅតាមទីតាំងនីមួយៗដែលក្រសួងសុខាភិបាលបានដាក់។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋរបស់យើងអញ្ជើញមកលេងពិធីបុណ្យអុំទូក នឹងប្រសិនបើគាត់មានបញ្ហាអាចអញ្ជើញមកក្រុមចល័តរបស់ខ្ញុំបាននៅក្រោយផ្សាររាត្រី ឬក៏ទៅមុខផ្សារក៏បានព្រោះមុខផ្សារមានមួយទៀតដែរ។
សូមបញ្ជាក់ថាៈ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុកនេះ ក្រសួងសុខាភិបាលបាក់ដាក់ស្តង់សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋនៅគោលដៅ
សំខាន់ៗចំនួន១២កន្លែង និង រថយន្តសង្រ្គោះមានចំនួន៣៩គ្រឿង៕