ក្រសួងទេសចរណ៍ត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗជាច្រើនទៀតនៅថ្នាក់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា៖ ស្រីផល ១២,១១,២០១៩៖

ក្រសួងទេសចរណ៍ត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗជាច្រើនទៀតនៅថ្នាក់ខេត្តដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តនៅកម្ពុជាឲ្យបានកាន់តែច្រើន។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុកនេះទៅ អាជ្ញាធរខេត្តមួយចំនួនត្រៀមរៀបចំឲ្យមានព្រឹត្តិការណ៍ ទេសចរណ៍ធំៗជាច្រើន ដូចជា  ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តសៀមរាប ការរៀបចំបុណ្យសមុទ្រនៅខេត្តកំពត ការប្រណាំងកង់អន្តរជាតិ ការរត់ប្រណាំង ១២៦គីឡូម៉ែតព្រមទាំងមានបុណ្យទន្លេនៅខេត្តបាត់ដំបងនិងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀតដដើម្បីទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា រាជារដ្ឋាភិបាលក៏បានតម្រូវឲ្យអាជ្ញាធរខេត្តទំាងអស់ ពង្រឹងការគ្រប់គ្រងរម្មណីយ៍ដ្ឋាន គ្រប់គ្រងសហគមន៍ទេសចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន អោយបានល្អ គ្មានសំរាម សេវាកម្មល្អនិងប្រកបដោយគុណភាព និងមានភាពបៃតង ដែលជាទីទាក់ទាញភ្ញៀវទេសចរចងមកម្តងហើយចងមកម្តងទៀត។

សម្លេង៖ យើងមានព្រឹត្តិការណ៍ធំៗជាច្រើន ឆ្នាំនេះចុងឆ្នាំ២០១៩ ខែធ្នូ មានព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង នៅសៀមរាប ចុះឈ្មោះជាង១ម៉ឺននាក់ហើយថ្ងៃ៨ខែធ្នូ ថ្ងៃ ២០,២១,២២ មានការរៀបចំបុណ្យសមុទ្រ នៅខេត្តកំពត ថ្ងៃ ៥,៦ មានការប្រណាំងកង់អន្តរជាតិ ដែលមកជាច្រើនប្រទេស នៅតាមតំបន់ឆ្នេរសមុទ្រ ,ថ្ងៃ 20 មករា ឆ្នាំ២០២០មានការរត់ប្រណាំង ១២៦ គីឡូម៉ែត ដែលមកពីគ្រប់ទិសទី ក្នុងពិភពលោក និងខែ៣ឆ្នាំ២០២០ បានយើងមានបុណ្យទន្លេ នៅខេត្តបាត់ដំបង និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត។

ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំព្រឹត្តការណ៍ទេសចរណ៍ធំៗនៅកម្ពុជានេះ ដើម្បីឆ្ពោះទៅរកព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ គឺធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋ ហាត់កីឡា មួយមុខ ហើយទន្ទឹមនេះ គឺចូលរួមសំអាត ប្រទេសកម្ពុជាឲ្យបានស្អាត កាត់បន្ថយឲ្យបាន នូវអតិបរមា នូវការប្រើប្រាស់គ្រឿងញៀន និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឲ្យកម្ពុជាកាន់តែស្អាត និងមានបដិសណ្ឋារកិច្ចល្អ៕