សួនកុមារវត្តភ្នំ បានទទួលស្វាគមន៍ក្មេងតូចៗជាច្រើនមកពីតាមបណ្តាលរាជធានី-ខេត្តនានា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ១៣.វិច្ឆិកា. ២០១៩៖

តំបន់សួនកុមារវត្តភ្នំ បានទទួលស្វាគមន៍ក្មេងតូចៗជាច្រើនមកពីតាមបណ្តាលរាជធានី-ខេត្តនានា មកលេងកំសាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុកក្នុងរយៈពេល៣ថ្ងៃ។
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃនេះ តំបន់សួនកុមារវត្តភ្នំមានសភាពអ៊ូអរកុះករជាងរាល់ថ្ងៃព្រោះបងប្អូនប្រជាពលរដ្ឋមកពីរាជធានី-ខេត្តផ្សេងៗគ្នាបាននាំកូនចៅមកលេងកំសាន្តនៅទីនេះ ខណៈដែលពួកគាត់មកទស្សនាការប្រណាំងទូក នៅរាជធានីភ្នំពេញ។
អ្នកស្រី ស្រ៊ុន ថារី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា កាលដែលនាំកូនៗមកលេងនៅសួនកុមារវត្តភ្នំនេះ ដោយសារតែតំបន់នេះសម្បូរឧបករណ៍លេងជាច្រើនសម្រាប់កុមារដែលជាទីចំណាប់អារម្មណ៍របស់ក្មេងៗ។ ជាមួយគ្នានេះអ្នកស្រីបានបញ្ជាក់ថា តំបន់សួនកុមារនេះមានសភាពស្រស់ស្អាត អនាម័យបរិស្ថានល្អ រួមជាមួយនឹងមាន សួនច្បារដើមឈើធំៗ ដែលផ្តល់ភាពត្រជាក់ងាយស្រួលដល់កុមារលេង។
«ថ្ងៃឈប់សម្រាកបុណ្យទានចេះតែនាំកូនមកដើរលេងឲ្យសប្បាយពីព្រោះរាល់ថ្ងៃពួកក្មេងៗវារៀន ក្មេងវាហត់ដែល ចេះតែនាំកូនមកសប្បាយ និយាយរួមឲ្យតែថ្ងៃឈប់សម្រាក នាំកូនៗមកលេងសួនកម្សាន្តកុមារវត្តភ្នំ។ខុសពីថ្ងៃបុណ្យទានអត់សូវមានគេនាំកូនមកលេងទេ ថ្ងៃបុណ្យទានចឹង ដឹងតែមានមនុស្សច្រើន ពីព្រោះឪពុកម្តាយខ្លះគេសម្រាកពីការងារ ចឹងមានតែថ្ងៃនឹងទេដែលគេអាចនាំកូនគេមកលេង។ នាំកូនមកចំថ្ងៃបុណ្យទានចឹងវាប្លែកខ្លាំងខុសពីថ្ងៃធម្មតា មានកម្មវិធីឆាកតន្ត្រីធ្វើឲ្យយើងប្លែកអារម្មណ៍ដែល កូនៗថាលេងនៅសួនកម្សាន្តរួចចង់នាំទៅមើលតន្ត្រី។»
ចំណែក អ៊ុំស្រី សុខ កឿន ប្រជាពលរដ្ឋមកពី ខេត្តកណ្តាលវិញ ដែលបាននាំចៅៗមកលេងដែរនោះ ក៏បានលើកឡើងដែរថា ទីនេះមានភាពស្រស់ស្អាត មានរបស់លេងច្រើន ដូច្នេះឲ្យតែបានមកមើលការប្រណាំងទូក ចៅៗតែងតែសុំមកលេងនៅទីនេះ។
សម្លេង«ពេលថ្ងៃជូនចៅៗមកមើលពិធីប្រណាំងទូកចប់រួចរាល់ហើយ។ ធ្លាប់តែមកលេងសប្បាយ ចង់តែមកហើយមកទៀត ប្លែកចេះតែនាំចៅមកលេងនៅសួនកុមារនេះឲ្យស្រឡះចិត្តក្នុងខែរដូវបុណ្យទានធំៗ នាំក្មេងៗវាមកលេងយ៉ាងសប្បាយរីករាយ ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យអុំទូក» ។