ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋមិនអោយមានអ្វីកើតឡើងឡើយ ជាពិសេសក្នុងរដូវបុណ្យទាន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា បានប្រកាសធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋមិនអោយមានអ្វីកើតឡើងឡើយ ជាពិសេសក្នុងរដូវបុណ្យទាន។ ការប្រកាសរបស់សម្តេចតេជោ ធ្វើឡើងតាមរយៈផេកហ្វេសប៊ុក ផ្លូវការរបស់សម្តេច នៅថ្ងៃទី១២ ខែវិច្ឆិកានេះ ខណៈដែលតាមបណ្តាខេត្តមួយចំនួន គឺលេចឮពាក្យចចាមអារាម និងពាក្យប្រឌិតភូតកុហកបោកប្រាស់ដោយជនអគតិដែលមានបំណងបំពុលនិងបំប៉ោងបញ្ហាសន្តិសុខសង្គម បំណងធ្វើអោយពលរដ្ឋភ័យខ្លាច។

សម្តេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាលសូមធានាជូននូវ​សន្តិសុខដល់បងប្អូន​ប្រជាពល​រដ្ឋមិន​អោយ​​មានអ្វីកើតឡើងឡើយ ជាពិសេសក្នុងរដូវបុណ្យទាននេះតែម្តង។

សូមកុំជឿពាក្យភូតកុហកដោយក្រុមបំពុលសង្គមមួយចំនួនតូច ដែលមិនចង់ឃើញ​ពីការរីក​ចម្រើនរបស់ប្រទេសជាតិ។ ជាមួយគ្នានេះ សម្តេចតេជោ បានអំពាវនាវដល់បងប្អូនជនរួមជាតិ និងកូនក្មួយយុវជន ព្រមទាំងទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្​តសប្បាយទាំង​អស់គ្នា​នៅទូទាំងប្រទេស ក្នុងព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ។