កម្មករនៅតែបន្តបោស និងលាងសម្អាតតាមសួនច្បារ ក្រោយពីព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២ បានបញ្ចប់ ទោះបីមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ៖ លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២បានបញ្ចប់ ដោយមានកិច្ចសហការពីក្រុមយុវជន ស ស យ ក និងកម្មកររបស់មន្ទីរសាធារណការ បានធ្វើការចាប់ពីម៉ោង១២យប់ក្នុងការ ប្រមូល និងកើបសម្រាម និងលាងសម្អាត តាមសួនច្បារ និងតំបន់មួយចំនួនទៀតនៃព្រះរាជពិធីបុណ្យអុំទូក អោយបានរួចរាល់នៅម៉ោង៧ព្រឹកថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូក ។ លោក បន្តថា បងប្អូនកម្មករទាំងនេះ ធ្វើការបោសសំអាត និងដាក់វេណប្រចាំការ ដេកលើសួនច្បារ រងចាំប្រជាពលរដ្ឋហូបចុក និង កំសាន្តសប្បាយរួច ទើបងើបឡើងបោសសំអាតតែម្ដង ។
លោក សំ សាមុត បានបញ្ជាក់ថា សម្រាប់បុណ្យអុំទូកថ្ងៃទី២ មានភ្លៀងធ្លាក់ខ្លាំង បង្ករការលំបាកក្នុងការបោសសំអាតសំរាមទាំងលើសួនច្បារ និងតាមដងផ្លូវ ប៉ុន្តែបងប្អូនកម្មករនៅតែ បំពេញការងាររៀងៗខ្លួនទាំងខាងអង្គភាពសួនច្បារ និងក្រុមហ៊ុនស៊ិនទ្រី។
គួររំលឹកថា សម្រាប់ព្រះរាជពិធីបុណ្យអំទូកឆ្នាំកន្លងទៅ កម្មករបានប្រមូលសម្រាម ជិត៦ពាន់តោន ដឹកចេញយកទៅ ចាក់ចោលនៅទីលាន ចាក់សម្រាម ក្នុង ខណ្ឌ ដង្កោ ដែលសម្រាប់ថ្ងៃធម្មតា ប្រជាពលរដ្ឋរាជធានីភ្នំពេញ បានផលិត សម្រាមជាង១ពាន់តោនតែប៉ុណ្ណោះ ៕