អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្តអប់រំផ្សព្វផ្សាយពីផលវិបាកនៃបញ្ហាគ្រឿងញៀន នៅក្នុងពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា៖ ស្រីផល១១,១១,២០១៩៖

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តអប់រំផ្សព្វផ្សាយពីផលវិបាកនៃបញ្ហាគ្រឿងញៀន នៅក្នុងព្រះពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ដើម្បីបញ្រ្ជាបដល់យុវជន ក៏ដូចជាប្រជាពលរដ្ឋ អោយជៀសឆ្ងាយពីគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជានៅក្នុងឱកាសព្រះរាជពិ ធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះថា  អាជ្ញាធរបានពង្រឹងយ៉ាងខ្លាំងចំពោះការអប់រំទប់ស្កាត់បញ្ហាគ្រឿងញៀនដែលកំពុងកើតឡើងនៅក្នុងសង្គម តាមរយៈផ្តល់សារ អប់រំជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងព្រឹត្តិការណ៍បុណ្យជាតិធំៗ នៅតាមសាលារៀន និងសហគមន៍ជាដើម។

លោកឧត្តមសេនីយ៍ឯកបានបន្តទៀតថា នៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកនេះ អាជ្ញាធរមានក្រុមចល័តដើរចែកខិតប័ណ្ណ ជួបសម្ភាសន៍ ផ្សព្វផ្សាយតាមទូរទស្សន៍ ចងបណ្តា និងមានបិទផ្ទាំងរូបភាពជាដើម  ដែលពាក់ព័ន្ធនឹងផលវិបាកនៃបញ្ហាគ្រឿងញៀន សំដៅធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋចាប់អារម្មណ៍ហើយស្វែងយល់បន្ថែមទៀត អំពីបញ្ហាគ្រឿងញៀននេះ។

សម្លេង៖ដរាបណា បញ្ហានេះនៅតែមានរាជរដ្ឋាភិបាល ដែលមានសម្តេច លោកទុកបញ្ហានេះជាក់អាទិភាព ហើយរាល់ថ្ងៃនេះ គឺសម្តេចក្រឡាហោម ជាមួយឯកឧត្តមឧបកែគឹមយ៉ាន គឺលោកដឹកនាំផ្ទាល់តែម្តង អត់មានបន្ធូរដៃ ធ្វើរហូតដល់ដំណាក់កាល។

ដោយសម្ដេចក្រឡាហោម លោកបានប្រកាសជាច្រើនលើក ច្រើនសារហើយ មានន័យថា គឺធ្វើឲ្យបាននៅដំណាក់កាលដំបូងនេះ គឺនៅតាមក្លឹបកម្សាន្ត ដែលជាកន្លែងប្រឈមខ្លាំង គឺបង្ក្រាបបញ្ហាគ្រឿងញៀន ដូចប្អូនបានឃើញហើយថាកន្លងមកនេះ គឺបង្ក្រាបរឿងនេះក្តៅណាស់គឺយើងត្រូវតែធ្វើឲ្យបាន។

លោក ជា វុទ្ធា ដែលបានអញ្ជើញមកពីខេត្តកំពង់ចាម ដែលបានមកចូលរួមលេងកម្សាន្ត នៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកនេះបានឲ្យដឹងថា ការផ្សព្វផ្សាយបញ្ហាគ្រឿងញៀននៅក្នុងព្រឹត្តិ ការណ៍ជាតិធំៗនេះ គឺជាសារដាស់ស្មារតីដល់ប្រជាពលរដ្ឋ ពិសេសយុវជនជៀសឆ្ងាយ ពីគ្រឿងញៀន។

សម្លេង៖ គ្រឿងញៀន ធ្វើឱ្យសង្គមយើងបាត់បង់ នូវធនធានមនុស្សច្រើន ជាពិសេសយុវវ័យ ភ្លើតភ្លើនច្រើន ក្នុងការសេពគប់គ្រឿងញៀន ដូចជានៅតាមបណ្ដារោងចក្រ សហគ្រាស រឺក៍ការដើរលេងយប់ជាដើម។

សូមបញ្ជាក់ថា រយះពេល១១ខែកន្លងមកនេះ សមិទ្ធផលនៃការបង្ក្រាបគ្រឿងញៀន មានចំនួនជាង៨០០០ករណី ក្នុងនោះមនុស្សដែលបានឃាត់ខ្លួន មានចំនួនជាង១៧០០០នាក់៕