ព្រះរាជពិធីពន្លត់ទៀនជ័យនៃបុណ្យឯករាជ្យបានបិទបញ្ចប់យ៉ាងមហាឡារឹកក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន
MC ៖ ព្រះរាជពិធីពន្លត់ទៀនជ័យនៃខួបលើកទី៦៦ ថ្ងៃបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៩ បានបិទបញ្ចប់យ៉ាងមហោឡារឹកនៅរសៀលថ្ងៃទី១១ វិច្ឆិកានេះ ក្រោមព្រះរាជា ធិបតីដ៍ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានឯករាជ្យ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
នារសៀលថ្ងៃ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលត្រូវនឹងថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុកនៅបរិវេណជុំវិញវិមានឯករាជ្យមានមហាជនចូលរួមយ៉ាងច្រើនកុះករមានដូចជាសិស្សនិស្សិត លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបាននាំគ្នាចូលរួមសម្តែងការអប់អរសាទរ ព្រះរាជពិធីពន្លត់ទៀនដើម្បីជានិមិត្តរូបនៃការបិទបញ្ចប់ទិវាបុណ្យឯករាជ្យជាតិខួបទី៦៦ឆ្នាំដែលកម្ពុជា ដណ្តើមបាន ឯករាជ្យមកវិញពីប្រទេសបារំាង។
ក្នុងព្រះរាជពិធីដ៏សែនសប្បាយរីកនេះស្ថិតក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា ព្រមទំាងសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលនិងបណ្តាអង្គទូតនានាប្រចាំកម្ពុជាក៏ត្រូវបានអញ្ចើញចូលក្នុងព្រះរាជពិធីនេះផង ដែរ។
នាឱកាសដ៏មហោឡារឹកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឬទ័យពន្លតភ្លើងជ័យ ដើម្បីបញ្ចប់ពិធីបុណ្យជាតិ អបអរខួបអនុស្សាវរីយ៍ខួបលើក ទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាឆ្នាំ ១៩៥៣ – ៩វិច្ឆិកា ២០១៩។
ថ្នាក់ដឹកនាំមន្រ្តីរាជការប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះសុទ្ធតែបញ្ជាក់ថា ថ្ងៃបុណ្យឯករាជ្យគឺជាទិវាដ៏មានអត្ថន័យជ្រាលជ្រៅបំផុតក្នុងក្រអៅបេះដូងខ្មែរគ្រប់ៗរូបព្រោះជាការបើកទំព័រប្រវត្តិសាស្រ្តនៃការប្រកាសឯករាជ្យពេញលេញរបស់កម្ពុជាក្រោមស្នាព្រះហស្ថដ៏ឈ្លាសវៃក្រោមព្រះរាជបូជនីយកិច្ច និងព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តម របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរៈក្សត្រព្រះវរៈរាជបីតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរជាទីគោរពសក្ការដ៏ខ្ពងខ្ពស់បំផុត ដែលធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិ សេរីភាពពេញបរិបូរណ៍នឹងធ្វើឲ្យប្រទេសជាតិមានការរីកចំរើនគ្រប់វិស័យរហូតមកដល់សព្វ ថ្ងៃនេះ។
ឯកឧត្តមនេត្រ ភត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា ទិវាបុណ្យឯករាជ្យជាតិមានអត្ថន័យជ្រៀលជ្រៅណាស់ ដែលធ្វើឲ្យកម្ពុជា មានសិទ្ធិក្នុងការគ្រប់គ្រងទៅលើវាសនា អនាគតរបស់ខ្លួនហើយមានសិទ្ធិនៅក្នុងការគ្រប់គ្រងទៅលើកិច្ចការរបស់ប្រទេសជាតិ។
ឯកឧត្តមបន្តថាការចូលរួមនៅក្នុងពិធីបុណ្យឯករាជ្យនេះគឺជាការលើកស្ទួយនូវតម្លៃរបស់ឯករាជ្យជាតិ ពិសេសរំលឹកទិវាប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជាបានទទួលឯករាជ្យជោគជ័យ ពេញបរិបូរណ៍ ពីអណានិគមន៍ និយមបារំាង ក្រោមស្នាព្រះហស្ថដ៏ឈ្លាសវៃក្រោមព្រះរាជបូជ នីយកិច្ច និងព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តម របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរៈក្សត្រព្រះវរៈរាជបីតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរជាទីគោរពសក្ការដ៏ខ្ពងខ្ពស់បំផុតដែលមានការសាមគ្គីភាពជាធ្លុងមួយរវាងរាជរដ្ឋាភិបាលកម្ពុជាព្រះសង្ឃ ប្រជានុរាស្រ្ត និងកងជីវពលនារីក្លាហាន។
សម្លេង«ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរសូមចូលរួមថែរក្សាសន្តិភាពស្ថិរភាពនយោបាយនិងការពារឯករាជ្យភាពអធិបតេយ្យភាពជាតិរបស់យើងអោយបានល្អពីព្រោះថាកម្ពុជារបស់យើងបានងើបចេញពីភ្លក់ភ្លើងសង្គ្រាមដែលខិតខំកសាងពីបាតដៃទទេរហូតមកដល់ ពេលនេះគឺយើងមានកេរ្តិ៍ឈ្មោះហើយយើងត្រូវបន្តកសាងកេរ្តិ៍ឈ្មោះរបស់យើងតទៅមុខទៀត ដើម្បីការពារជាតិការពារសាសនានិងការពារព្រះមហាក្សត្ររបស់យើង»។
សូមបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ ត្រូវបានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ដែលថ្ងៃទីមួយជាព្រះរាជពិធីប្រទានភ្លើងជ័យ គឺថ្ងៃ៩-វិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ ខែវិច្ឆិកា ជាថ្ងៃព្រះរាជពិធីពន្លត់ភ្លើងជ័យ៕