រមណីយដ្ឋានវត្តភ្នំទទួលបានភ្ញៀវទេសចរបរទេសមកកំសាន្តច្រើន ជាពិសេស ភ្ញៀវទេសចរ ជនជាតិចិន និង វៀតណាម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ កង. មុន្នីរ៉ា ពត៌មាន៖


ប្រធានផ្នែកគ្រប់គ្រងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ឱ្យដឹងថា ចំនួនភ្ញៀវទេសចរចិន និង វៀតណាម មកទស្សនារមណីយដ្ឋានវត្តភ្នំច្រើនជាងភ្ញៀវបរទេសជនជាតិដទៃ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អក អំបុក នាឆ្នាំនេះ។
លោក សូ រចនា ប្រធានការិយាល័យបេតិកភណ្ឌ និង ជាអ្នកគ្រប់គ្រងរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តវត្តភ្នំ មានប្រសាសន៍ប្រាប់អ្នកយកពត៌មានយើងឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នេះ រមណីដ្ឋានវត្តភ្នំទទួលបានភ្ញៀវទេសចរប្រមាណជាង៥០០នាក់ ក្នុងនោះ ភ្ញៀវទេសចរ ចិន និង វៀតណាមមានចំនួនច្រើនជាងគេ។ លោក បន្តថា ភ្ញៀវដែលមកកំសាន្តនៅទីនេះ ភាច្រើនពួកគាត់មកបួងសួង សុំសេចក្តីសុខពីព្រះអង្គប្រចៅ និង បរមីសាកសិទ្ធិដទៃទៀតដែលមាននៅរមណីយដ្ឋានវត្តភ្នំនេះ។
សំលេងៈ ចិន ហើយវៀតណាម គេច្រើនមកកន្លែងហ្នឹងដែលមាន លោកតាប្រចៅនិង យាយពេញអីហ្នឹង ចំណែកភ្ញៀវអ៊ឺរ៉ុបដូចជាមិនសូវប៉ុន្មានទេ គាត់មកគាត់ច្រើនតែដើរក្រវែលតែមួយជុំគាត់ទៅហើយ។
លោស្រី យក់ ថិតបូរ៉ាន់ អនុប្រធានការិយាល័យបេតិកភណ្ឌ និង ជាអ្នកលក់សំបុត្រនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ក៏បានឱ្យដឹងដែរថា រៀងរាល់ថ្ងៃមិនថា ពេលមានបុណ្យឬអត់នោះទេ ភ្ញៀវទេសចរ តែងតែមកកំសាន្តជារៀងរាល់ថ្ងៃ។លោកស្រី បញ្ជាក់ថា សម្រាប់ភ្ញៀវបរទេសសំបុត្រ១តម្លៃ ១ដុល្លារ ហើយចំពោះភ្ញៀវជាតិវិញ គឺមិនយកថ្លៃសំបុត្រនោះទេ។
កញ្ញា គូរ ស្រីកា ជាអ្នកលក់ធូបទាន និងផ្កា បានឲ្យដឹងថា រាល់ថ្ងៃកញ្ញាលក់ដាច់ភាគច្រើន គឺភ្ញៀវទេសចរចិន និង វៀតណាមទេ។
សូមបញ្ជាក់ថា៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ជាទីកន្លែងសក្ការៈបូជាដ៏ពិសិទ្ធមួយរបស់ព្រះរាណាចក្រកម្ពុជា។ ជារៀងរាល់ថ្ងៃមានមនុស្សមកពីគ្រប់មជ្ឈដ្ឋានមកអុជធូបបួងសួងសុំលាភសុំជ័យ និង សុំសេចក្តីសុខសប្បាយ ហើយអ្នកខ្លះទៀតក៏មកធ្វើពិធីរំដោះគ្រោះនៅទីនេះផងដែរ៕