អំបុកនិងគ្រឿងដង្វាយបូជាសម្រាប់សំពះព្រះខែនៅឆ្នាំនេះនៅតែលក់ដាច់ដូចឆ្នាំមុនៗ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី១១ ខែវិច្ជិកា ឆ្នាំ២០១៩ ៖

អំបុកនិងគ្រឿងដង្វាយបូជាសំរាប់ព្រះរាជពិធីសំពះព្រះខែ អកអំបុកនៅឆ្នាំនេះនៅតែលក់ដាច់ជាងឆ្នាំមុនៗដែលបង្ហាញពីការរក្សាប្រពៃណីទំនៀមទំលាប់និងជំនឿសាសនា ក្នុងព្រះរាជពិធីសំពះព្រះខែតាមគន្លងព្រះពុទ្ធសាសនាដើម្បីបួងសួងសុំសេចក្ដីសុខសេចក្តី ។
ក្រុមអាជីវករលក់គ្រឿងដង្វាយបូជាជាច្រើនបានអោយដឹងថា នៅថ្ងៃទី២ នៃព្រះរាជពិធីអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុកត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកានេះ មានប្រជាពលរដ្ឋជាច្រើនបានទិញគ្រឿងដង្វាយសម្រាប់ពិធីសំពះព្រះខែនាពេលរាត្រីដែលជាទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរ ដើម្បីបួងសួងសុំសេចក្ដីសុខសេចក្តីចំរើន ។
អ្នកមីង គង់ ស្រីញឹក ដែរជាលក់អំបុកនៅម្តុំផ្សារកណ្តាល បានប្រាប់វិទ្យុជាតិកម្ពុជាថា ពីមួយឆ្នាំទៅមួយឆ្នាំបងប្អូនប្រជាពលរដ្ឋរបស់យើងតែងតែមកទិញអំបុកសម្រាប់ពិធីសំពះព្រះខែ និងអកអំបុកនាពេលរាត្រីព្រះចន្ទពេញបរមី១៥កើតខែកក្តិក ។ អ្នកមីងបន្តថា ឆ្នាំនេះអំបុកលក់ បានថ្លៃជាឆ្នាំមុនៗដោយមួយកំប៉ុងបានរហូតដល់២៥០០រៀលទៅ៣០០០រៀល ខណពីមុខមានតម្លៃក្រោម២០០០រៀលប៉ុណ្ណោះ។
សម្លេង ៖ ប្រជាជនទិញច្រើនដាច់ច្រើនជាងធម្មតា ឆ្នាំនេះដាច់ជាងលក់បាន២០០កំប៉ុងក្នុងមួយថ្ងៃ តែយប់ហ្នឹងដឹងថាដាច់ច្រើនហើយ គេចេញមកទិញមានលុយមានកាក់សំបូរធូរធារច្រើនជាងមុនពីមុនអត់សូវមានលុយទេឥឡូវវាធូរ ស្រុកខ្មែរមានភាពជឿនលឿនអញ្ចឹង ។
ចំណែកអ្នកស្រី ម៉ៅ សុវណ្ណរ៉េត អ្នកលក់គ្រឿងដង្វាយបូជាវិញ បានប្រាប់វិទ្យុជាតិកម្ពុជាដែរថា មានប្រជាពលរដ្ឋជាច្រើនបានទិញគ្រឿងដង្វាយសម្រាប់ពិធីសំពះព្រះខែ អកអំបុក ដូចជា មានដើមចេកស្រស់ អំបុក ចេកទុំ ដូងខ្ចី ផ្កាឈូក និងផ្លែឈើគ្រប់មុខជាដើម ។
ចាសបើមួយឆ្នាំបើអត់បានលក់ហ្នឹងយូរៗបាត់បង់អស់ ដោយសារថ្មីក្មេងខ្លះអត់ចេះធ្វើទេចេះតែទិញស្រាប់យកទៅដាក់ បើសិនជាខ្ញុំអត់លក់ទេបាត់បង់អស់ហើយចឹងចេះតែទ្រាំលក់ដើម្បីឲ្យបងប្អូនយើងបានស្គាល់ទាំងអស់គ្នាដើម្បីឲ្យក្មេងៗបានស្គាល់ដែរ ។
អ្នកស្រី សេង លាង ប្រាប់វិទ្យុជាតិកម្ពុជាថា អ្នកស្រីតែងតែរៀបចំនូវគ្រឿងដង្វាយគ្រប់មុខ សម្រាប់សំពះព្រះខែជារៀងរាល់ឆ្នាំមិនដែលអាកខានទេ ដោយនេះជាការគោរពបូជាចំពោះព្រះខែនៅក្នុងព្រះរាជពិធីសំពះព្រះខែ អកអំបុក បានបង្ហាញពីការគោរពជំនឿយ៉ាងមុតមាំទៅតាមព្រះពុទ្ធសាសនា ។
សម្លេង ៖ ខ្ញុំគិតថាពីដូនពីតាមកដល់ រដូវអកអំបុកគឺយើងកាន់ព្រះពុទ្ធសាសនាជាកុំឲ្យបាត់យើងនៅគោរពវិន័យព្រះពុទ្ធសាសនាតាំងពីដើមមក បើសិនជាយើងកាត់អាហ្នឹងចោលទៅកាន់តែអស់ហើយទាល់តែយើងធ្វើអញ្ចឹងដើម្បីឲ្យក្មេងជំនាន់ក្រោយរៀនតាមបើសិនជាយើងចាស់អត់ដឹកនាំមក កាន់តែបាត់ទៅអញ្ចឹងកុំឲ្យវាបាត់ ។
នៅក្នុងព្រះរាជពិធីសំពះព្រះខែ អកអំបុកប្រជាពលរដ្ឋខ្មែរយើងតែងតែប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ១៥កើត ខែកក្តិកពេញបរមី នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូងខ្ចី ផ្លែឈើ ជាដើមផងដែរ
សូមបញ្ជាក់ថា ព្រះរាជពិធីសំពះព្រះខែនិងអកអំបុកត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយោងយកកំណើតជាទន្សាយ ដោយគ្រានោះព្រះអង្គបានលះបង់អាយុសង្ខារដល់ព្រះឥន្ទ្រាធិរាជ ដើម្បីបំពេញទានបារមី។ រឿងរ៉ាវនៃព្រះពោធិសត្វនេះហើយ ដែលនាំឲ្យអ្នកស្រុកខ្មែរតែងតែរៀបចំប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ៕