មន្ត្រីថា ទំនិញតាំងលក់ក្នុងព្រះរាជពិធីបុណ្យអុំទូក ពុំត្រូវបានរកឃើញផ្ទុកសារជាតិហាមឃាត់នោះទេ

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ៖ វ៉ាង ភក្តី ១១ ១១ ២០១៩៖

មន្ត្រីកាំកុងត្រូល អះអាងថា ទំនិញប្រភេទម្ហូបអាហារ និងភេសជ្ជៈ ដែលតាំងលក់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពុំត្រូវបានរកឃើញមានផ្ទុកសារជាតិគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនោះទេ។
ថ្លែងប្រាប់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកានេះ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបញ្ជាក់ថា ទំនិញម្ហូបអាហារដែលពុំបានរកឃើញផ្ទុកសារធាតុគីមីហាមឃាត់ ខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទនោះមានដូចជា៖ ភេសជ្ជៈកំប៉ុង ទឹកបរិសុទ្ធ និងគ្រឿងបរិភោគដូចជា សាច់សម្រាប់ផ្សំជាមួយគុយទាវ មីសរសៃធំនិងតូច ប្រហិត ណែម ជាដើម។
ការអះអាងនេះ ធ្វើឡើងក្រោយមន្ត្រីសាខាកាំកុងត្រូល នៃអគ្គនាយកដ្ឋានកាំកុងត្រូល នាំយករថយន្តពិសោធន៍ចល័ត ដើម្បីចុះពិនិត្យ និងធ្វើការស្រាវជ្រាវរកទំនិញខូចគុណភាព និងរកសារធាតុគីមីហាមឃាត់នៅក្នុងផលិតផលម្ហូបអាហារ តាមរយៈធ្វើតេស្តបឋមទៅលើគូរូទំនិញម្ហូបអាហារចំនួនជាង២០មុខ ដែលសង្ស័យមានហានិភ័យខ្ពស់ នៅតាមគោលដៅនៃកន្លែងកម្សាន្ត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ ព្រះ ខែ និងអកអំបុក មានដូចជា៖ នៅមជ្ឈមណ្ឌលកម្សាន្ត និងពិព័រណ៍កោះពេជ្រ តំបន់កម្សាន្តមុខព្រះបរមរាជវាំង តំបន់រមណីដ្ឋានវត្តភ្នំ និងតំបន់កម្សាន្តនៅមុខវត្តបទុមវត្តី។
លោក គង់ វុទ្ធី មានប្រសាសន៍ថា ការងារចុះពិនិត្យ និងពិសោធន៍ទំនិញ តាមកន្លែងរៀបចំពិធីសប្បាយនាឱកាសបុណ្យប្រពៃណីជាតិនេះ គឺដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ មន្ត្រីដដែលនេះ បន្តថា កិច្ចការងារចុះត្រួតពិនិត្យទំនិញនៅលើទីផ្សារនៅតែបន្តអនុវត្តឲ្យកាន់តែសកម្ម សំដៅបង្កើនជំនឿទុកចិត្ត និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសចូលរួមទប់ស្កាត់ និងជួយបង្ការនូវជំងឺផ្សេងៗដែលបណ្តាលមកពីការបរិភោគចំណីអាហារមានមេរោគចម្លង និងលាយសារធាតុគីមីពុលនៅក្នុងនោះ។ លោកកត់សម្គាល់ថា អាជីវករមានការយល់ដឹងច្រើនពីការដាក់តាំងលក់ផលិតផល ដែលធានាដល់សុខភាពប្រជាពលរដ្ឋ។
លោកស្រី សុភី ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលបានគាំទ្រផលិតខ្មែរ សម្រាប់ការដាក់លក់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ ស្នើឲ្យម្ចាស់អាជីវកម្ម និងអាជីករអ្នកទទួលលក់ដូរទាំងអស់ គិតគូរដល់សុខភាពប្រជាពលរដ្ឋប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
តំណាងម្ចាស់ស្តង់លក់ណែមឆ្ងាញ់បាត់ដំបង និងខេត្តក្រចេះ បានអះអាងថា ផលិតផលរបស់ខ្លួនត្រូវបានផលិតឡើងជាមួយការវេចខ្ចប់ប្រកបដោយភាពអនាម័យ និងពុំមានដាក់សារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនោះឡើយ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដោយបានការឯកភាពពីគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ-អន្តរជាតិ បានចាត់តាំងឲ្យមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលនាំយករថយន្តមន្ទីរពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ចុះទៅអង្កេត ពិនិត្យទំនិញ ពិសេសចំណីអាហារដែលដាក់តាំងលក់ក្នុងបរិវេណ និងជុំវិញកន្លែងប្រារព្ធព្រះរាជពិធីបុណ្យ ជាមួយនឹងសកម្មភាពចែកផ្សាយនូវផ្ទាំងរូបភាព Poster និងការណែនាំឲ្យអាជីវករ អ្នកលក់ដូរ និងប្រជាពលរដ្ឋ ពិនិត្យមើលលក្ខណៈអនាម័យនៃការដាក់តាំងលក់ និងមិនត្រូវដាក់តាំងលក់ផលិតផលភេសជ្ជ: និងផលិតផលដទៃទៀតនៅក្រោមកំដៅថ្ងៃ ផលិតផលហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ឬទំនិញដែលមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទាន៕