រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអៈអាងថាប្រជាពលរដ្ឋស្ទើរ១០០ភាគរយបានទទួលព័ត៌មាន ពីព្រឹត្តការណ៍ព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអៈអាងថា ប្រជាពលរដ្ឋស្ទើរ១០០ភាគរយនៅទូទំាងប្រទេស និងមួយផ្នែកទៀតនៅក្រៅប្រទេសបានទទួលព័ត៌មាននិងការតាមដានការផ្សាយផ្ទាល់គ្រប់គ្រាន់ពីព្រឹត្តការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកបើទោះបីជាពួកគាត់ពុំបានអញ្ចើញមកទស្សនាផ្ទាល់នៅក្នុងរាជធានីភ្នំពេញក៏ដោយ។
លោកហុក សុខរិនធ្វើសេចក្តីរាយការណ៍៖
ឯកឧត្ត ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ជាកម្ពុជាឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរនៅទូទំាងប្រទេស និងនៅក្រៅប្រទេសមាន ភាពសប្បាយរីករាយជាមួយនឹងព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះ ខែ និងអកអំបុក តាមយរយៈការផ្សាយផ្ទាល់ពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋដូចជាវិទ្យុជាតិកម្ពុជា និងទូរទស្សន៍ជាតិកម្ពុជាដែលបានខិតខំយ៉ាងខ្លំាងក្នុងការផ្តិតយកទិដ្ឋភាពល្អៗក្នុង ព្រះរាជពិធីបុណ្យនេះដើម្បីផ្សព្វផ្សាយជូនប្រពលរដ្ឋបានទស្សនា និងស្តាប់កម្សាន្ត។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងព័ត៌មានបានធ្វើការផ្សាយ ពីព្រឹត្តការណ៍ប្រណាំងទូក តាមរយៈប្រពន្ធ័ផ្សព្វផ្សាយពីវិទ្យុជាតិកម្ពុជាAM វិទ្យុជាតិFM អេបក្រសួងព័ត៌មាន និងទូរទស្សន៍ជាតិកម្ពុជា ហើយបណ្តាស្ថានីយ៍វិទ្យុ និងទូរទស្សន៍ រដ្ឋឯកជនតាមបណ្តារាជធានីខេត្តនៅទូទំាងប្រទេស ក៏បានជួយបន្តផ្សាយបន្ថែមទៀតផងដែរ។
«និយាយរួមគឺគាត់សប្បាយរីករាយដែលយើងបានផ្សាយលម្អិតគ្រប់គ្រាន់ទំាងការថត ទំាងការផ្សាយ ទំាងគណៈកម្មការត្រួតពិនិត្យការប្រកួត ក៏ដូចជាការរៀបចំកម្មវិធីផ្សេងៗ គឺគាត់ មើលឃើញច្បាស់ល្អហើយគ្រប់គ្រាន់ ហើយសូមថ្លែងអំណរគុណដល់ក្រុមបច្ចេកទេសអ្នកថត អ្នកអត្ថាធិប្បាយ ក៏ដូចជាគណៈកម្មការបច្ចេកទេសត្រួតពិនិត្យការប្រណាំងទូកងនេះ សូមសរសើរចំពោះការខិតខំប្រឹងប្រែង ដើម្បីអោយប្រជាជនយើងគាត់បានរីករាយ ហើយខ្ញុំបាន ទទួលសារទំាងអ្នកក្នុងស្រុកនិងក្រៅស្រុកគឺគាត់សប្បាយរីករាយ។
លោកប្រាក់ ដារា ប្រជាពលរដ្ឋមកពីខេត្តកំពង់ចាមបានបញ្ជាក់ថា ការផ្សព្វផ្សាយទូលំទូ លាយពីព្រឹត្តការណ៍នៃព្រះរាជពិធីបុណ្យអុំទូកតាមបណ្តាញផ្សព្វផ្សាយរបស់រដ្ឋនិងឯកជននា ពេលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋដែលនៅតាមបណ្តាខេត្តឆ្ងាយៗ បានដឹងពីគ្រប់ព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក ខណៈដែលពួកគាត់មិនអាចមកចូលរួមផ្ទាល់ក្នុងព្រះរាជពិធីបុណ្យនេះនៅឯរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយអធិកធមហើយក្រសួងព័ត៌មានក្រៅ ពីផ្សាយបន្តផ្ទាល់ពីព្រះរាជពិធីប្រណាំងទូក ក៏មានកម្មវិធីកម្សាន្តសប្បាយផ្សេងៗទៀតក្រោម កិច្ចសហការជាមួយស្ថានីយន៍ទូរទស្សន៍ឯកជនតាមរយៈកម្មវិធីប្រគុំតន្រ្តីសម័យ បុរាណ នឹងការបង្ហាញសិល្បៈជាច្រើនទៀតចេញពីបរិវេណនៃកន្លែងប្រារព្វព្រះពិធីរាជពិធី៕