សមត្ថកិច្ចអំពាវនាវដល់ប្រជាពលរដ្ឋដែលមកលេងបុណ្យអុំទូកត្រូវប្រុងប្រយត្ន័ចំពោះទ្រព្យសម្បត្តិមានតម្លៃដោយខ្លួនឯងមិនត្រូវពឹងលើសមត្ថកិច្ចទាំងស្រុងនោះទេ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ម៉ៅសុខរីម 1111 2019 ៖

អាជ្ញាធរ និងសមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមកលេងពិធីបុណ្យអុំទូកឆ្នាំនេះ ត្រូវប្រុងប្រយត្ន័ខ្ពស់ចំពោះទ្រព្យសម្បត្តិមានតម្លៃដោយខ្លួនឯង ពោលគឺមិនត្រូវពឹងផ្អែកទៅលើសមត្ថកិច្ចទាំងស្រុងនោះទេ ដើម្បីចៀសវាងមានការបាត់បង់ដោយប្រការណាមួយ។
នៅក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកឡេង រ៉ាវង្ស អភិបាលរងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមរយៈវិទ្យុជាតិកម្ពុជា បានជំរុញឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងអស់ពេលមកចូលរួមដើរកំសាន្ត បុណ្យអុំទូក នេះ ត្រូវផ្ញើរឬទុកដាក់ម៉ូតូ ឡាន ឬសម្ភារៈមានតម្លៃផ្សេងៗឱ្យមានរបៀបរៀបរយ ។
លោកបញ្ជាក់ថា បើទោះបីជាកម្លាំងសមត្ថកិច្ចបានដាក់ពង្រាយជាច្រើននាក់នៅតាមគោលដៅផ្សេងៗ ក៏ដោយ តែបើប្រជាពលរដ្ឋមានការទ្វេសប្រហែស មិនចូលរួមសហកាជាមួយកម្លាំងសមត្ថកិច្ចទេ ក្រុមជនខិលខួចអាចមានឱកាសលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋជាមិនខាន។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមានការបាត់ម៉ូតូរបស់ប្រជាពលរដ្ឋចំនួន៣គ្រឿងកាលពីបុណ្យអុំទូកថ្ងៃទី១ នៅគោលដៅជ្រោយចង្វាត្រើយខាងកើតទន្លេ មូលហេតុដោយសារម្ចាស់ម៉ូតូមានការទ្វេសប្រហែសទុកម៉ូតូចោលហើយមិនបានផ្ញើរឬក៏មើលមិនបានត្រឹមត្រូវ។
ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់បើសង្ស័យ និងមានករណីឃើញចោរលួច ឆក់ ឬមានបញ្ហាសន្តិសុខត្រូវរាយការណ៍ទៅសមត្ថកិច្ចប្រចាំគោលដៅឱ្យទាន់ពេលវេលាដើម្បីកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា៕