មន្ដ្រីសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋមានបញ្ហាសុខភាព ទៅទទួលសេវាព្យាបាលដោយឥតគិតថ្លៃក្នុងព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជាអត្ថបទ៖ ជួន បូណា ១១ ១១ ១៩៖

មន្ដ្រីសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមកលេងកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានបញ្ហាសុខភាពមកទទួលសេវាព្យាបាលនៅតាមទីតាំងសេវាសុខាភិបាល ដែលមានក្រុមគ្រូពេទ្យរង់ចាំជួយសង្គ្រោះ ដោយឥតគិតថ្លៃ ។

ប្រាប់វិទ្យុជាតិកម្ពុជាក្នុងឱកាសប្រចាំការក្នុងព្រះរាជពិធីបុណ្យអុំទូកនៅត្រើយទន្លេខាងកើត លោកវេជ្ជបណ្ឌិត សោម អារុន មន្ដី្រនៃក្រសួងសុខាភិបាល បានជំរុញឱ្យប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ពេលមានបញ្ហាសុខភាព ដូចជា ឈឺក្បាល វិលមុខ ផ្តាសាយ អស់កម្លាំង ចុករាគ និងខ្យល់ចាប់ជាដើមនោះអាច មកធ្វើការពិនិត្យសុខភាព និងទទួលសេវាព្យាបាលពីក្រុមគ្រូពេទ្យដែលប្រចាំការនៅជិតសណ្ឋាគារសុខាភ្នំពេញត្រើយខាងកើត ឬនៅគោលដៅប៉ុស្តិ៍សុខាភិបាលមួយចំនួនទៀត ព្រោះមានគ្រូពេទ្យប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយពិនិត្យជំងឺ និងសង្គ្រោះបឋមជូនដល់ប្រជាពលរដ្ឋ ។

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពង្រាយគោលដៅទីតាំងសេវាសុខាភិបាល ដែលមានក្រុមគ្រូពេទ្យរង់ចាំជួយសង្គ្រោះប្រជាពលរដ្ឋ សម្រាប់ពិនិត្យ និងសង្គ្រោះបឋម ចំនួន៨ស្តង់ មានរថយន្តសង្គ្រោះប្រចាំការ ចំនួន១៣ក្រុម ដែលមានក្រុមគ្រូពេទ្យសរុបជិត៨០០នាក់ ប្រចាំការប្តូរវេនគ្នា ដើម្បីជួយពិនិត្យព្យាបាលជំងឺ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋ មកទទួលសេវាពិគ្រោះ ពិនិត្យសុខភាព និង ព្យាបាលចំនួន៤០៨៨នាក់ ៕