ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូកប្រព្រឹត្តទៅយ៉ាងអធឹកអធមសប្បាយរីករាក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះកុណាព្រះមហាក្សត្រ

វិទ្យុជាតិកម្ពុជា: ហុក សុខរិន ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៩៖

 ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៩នេះបានប្រព្រឹត្តទៅយ៉ាងមហាឡារឹកក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយនឹងថ្នាក់ដឹកនាំព្រឹត្តសភា រដ្ឋសភា រាជរដ្ឋាភិបាលនិងមហាជនយ៉ាងច្រើនកុះករ ដែលធ្វើឲ្យព្រះរាជពិធីនេះមានភាពអធឹកអធមសប្បាយក្រៃលែង។ អ្នកយកព័ត៌មានធ្វើសេចក្តីរាយការណ៍
នៅថ្ងៃទី១០ ខែវិច្ឆិកាត្រូវនឹងថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំ២០១៩នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឬទ័យស្តេចយាងទតដោយផ្ទាល់ពីសកម្មភាពការប្រណាំងទូក ង ទូក មួងរបស់ក្រុមកីឡាករ កីឡាការិនីមកពីតាមបណ្តាខេត្ត រាជធានី ពីមុខព្រះពន្លាជ័យនៃមុខព្រះបរមរាជវំាង។
ក្នុងព្រះរាជកម្មវិធីដ៏សែនសប្បាយរីករាយនេះក៏មានការអញ្ជើញចូលរួមអមដោយ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុល សេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា រួមទំាងព្រះរាជវង្សានុវង្ស សមាជិកសមាជិកា រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងបណ្តាអង្គទូតនានាប្រចាំកម្ពុជា រួមជាមួយនឹងមហាជនមកក្សាន្តទស្សនាការប្រណាំងទូកង ទូកមួងយ៉ាងច្រើនកុះករនិងមានភាពសប្បាយរីករាយដ៏សែនមនោរម្យ។
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានិងជាប្រធានគណៈកម្មការ មេប្រយោគរៀបចំព្រះរាជពិធីបុណ្យអុំទូកបានអៈអាងថានៅ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ មានទូកចូលរួមរហូតដល់ជាង២៩៧ទូក ហើយមានចំណុះទូកជិត២ម៉ឺននាក់។ ឯកឧត្តមបានចាត់ទុកថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះគឺបានឆ្លុះបញ្ចាំងពីប្រទេសជាតិមានសុខសន្តិភាពផង និងការថែរក្សាប្រពៃណីវប្បធម៌ជាតិផង។
សម្លេង«ការចូលរួមប្រណាំងទូកបានសរបញ្ជាក់ពីការរីកចំរើន ក្រោមការដឹកនាំរបស់ប្រមុខរាជ រដ្ឋាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំទូកយើងឡើងរហូត ដែលបានអញ្ជើញមកចូលរួមប្រណាំងទូក នេះសបញ្ជាក់អោយឃើញថា មូលដ្ឋានមានសុវត្ថិភាព សន្តិសភាព ស្ថេរភាព មានការចូលរួម អបអរគាំទ្រគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលហើយជីវភាពរបស់ពួកគាត់បានអនុគ្រោះអោយពួកគាត់អាចូលរួមបានផង»។
លោកស្រីជួប សុភ័ត្រ ប្រជាពលរដ្ឋមកពីខេត្តព្រៃវែង ដែលបានចូលរួមលេងកម្សាន្តសប្បាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបានកោតសរសើររាជរដ្ឋាភិបាលថា បានរៀបចំព្រះរាជពិធីបុណ្យនេះមានភាពអធិកអធមជាងឆ្នាំមុនៗ។ លោកស្រីបញ្ជាក់ថា ក្រុមសមត្ថកិច្ចបានចូលរួមថែរក្សាសណ្តាប់ធ្នាប់សន្តិសុខ សុវត្ថិភាពបានល្អ បរិស្ថានស្អាត ពិសេសអ្វីដែលធ្វើអោយប្លែកភ្នែកនោះ គឺអាជ្ញាធរបានរៀបចំកែលម្អសោភណ័ភាពនៅជុំវិញកន្លែងប្រារព្វ ពិធីបានយ៉ាងស្រស់ស្អាត។
សម្លេង«និយាយទៅរៀបចំបានស្អាតវាអត់សូវមានសំរាមដូចរាល់ឆ្នាំ អ្នកដើរលេងគាត់ចេះ សំអាតសំរាមខ្លួនឯងច្រើន ពីមុនអត់ទេ គឺសំរាមច្រើនណាស់សំរាមឡើងគរ ហើយអ្នកលក់ដូរ គាត់ដាក់នៅតែមួយកន្លែង មិនឆ្វេតឆ្វាចដូចពីមុនឡើយ»។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺព្រះរាជពិ ធីបុណ្យប្រចាំឆ្នាំដ៏ធំរបស់កម្ពុជាមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃ១៤កើត១៥កើតនិងថ្ងៃ១រោចខែកត្តិក ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹក ខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវហើយបានឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋកម្ពុជា ៕