ក្រុមសំនៀងជនពិការ អំពាវនាវរកមូលនិធិ ពីការប្រគុំតន្ត្រីក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ១០.វិច្ឆិកា.២០១៩៖

ក្រុមសំនៀងជនពិការ អំពាវនាវរកមូលនិធិ ពីការប្រគុំតន្ត្រី ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដែលបាននឹងកំពុងប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញរយៈពេល៣ថ្ងៃ ដើម្បីយកទៅជួយទ្រទ្រង់ជីវភាពរបស់ខ្លួនដែលកំពុងជួបការខ្វះខាត។
លោក ចាប តូ ប្រធានក្រុមសមាគមតន្រ្តីសំនៀងជនពិការរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា សមាគមតន្រ្តីសំនៀងជនពិការរាជធានីភ្នំពេញបានមកប្រគុំតន្រ្តីនៅរមណីយដ្ឋានវត្តភ្នំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែវិច្ឆិកា នេះ ដើម្បីរកមូលធិជួយទ្រទ្រង់ជីវភាពរបស់បងប្អូនជនពិការដែលរស់នៅក្នុងសមាគមផង និងដើម្បីបង្កអោយមានបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តនៅរាជធានីភ្នំពេញក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះផង។លោកបន្តថា ក្រុមតន្រ្តីជនពិការនេះ មានសមាជិកជាង១០នាក់ ដោយចាប់សម្តែងនៅរមណីយដ្ឋានវត្តភ្នំ ចាប់ពីម៉ោង៨ព្រឹក រហូតដល់៩យប់។ លោករំពឹងថា នឹងទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ។
« ក្រុមយើងខ្ញុំប្រគុំតន្ត្រីនៅរមណីយដ្ឋានប្រវត្តសាស្ត្រវត្តភ្នំគឺប្រចាំឆ្នាំតែម្តង។ចំណែកថវិកាប្រគុំតន្ត្រីជួយបានតែ១ផ្នែកតូចទេ ចំណែក១ផ្នែកធំ មានការជួយឧបត្ថមដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះមហាក្សត្រតី និងសម្តេចតេ ជោ ហ៊ុន សែន តែងតែជួយឧបត្ថមគាំទ្រក្រុមតន្រ្តីសំនៀងជនពិការ ។ក្រុមជនពិការភាពយើងខ្ញុំដើម្បីស្វែករកថវិកាពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលមកលេងឬទស្សនានៅរម្មណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។ ក្នុងនាមក្រុមបងប្អូនជនពិការភាពតំណាងឲ្យជនពិការភ្នែកទូទាំងប្រទេសកម្ពុជាសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទស្សនារម្មណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំក្នុងឱកាសបុណ្យព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឲ្យបានច្រើនកុះករផងដែរ៕»
អ្នកស្រី ថាវី ប្រជាពលរដ្ឋមកពីខេត្តកំពត បាននាំកូនមកលេងនៅវត្តភ្នំនេះ បានគាំទ្រចំពោះ សមាគមតន្រ្តីសំនៀងជនពិការនេះ ដោយសារយល់ឃើញថា ការប្រគុំតន្រ្តីរបស់ជនពិការទាំងនេះ មានភាពទាក់ទាញទាំងសម្ថតភាពជំនាញ ទឹកដមសំនៀង មនោសញ្ចេតនាដែលអាចរកប្រាក់ចំណូលទ្រទ្រង់ជីវភាពបាន។
សូមបញ្ជាក់ថា ក្រៅពីព្រះរាជពិធីបុណ្យអុំទូក សាលារាជធានីភ្នំពេញ ក៏បានអនុញ្ញាតឲ្យ សមាគមតន្រ្តីសំនៀងជនពិការ ធ្វើការប្រគុំតន្រ្តីនៅរមណីយដ្ឋានវត្តភ្នំ ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យរៀងរាល់សប្តាហ៍ ដើម្បីរកប្រាក់ចំណូលជួយទ្រទ្រង់ជីវភាពរបស់ពួកគេផងដែរ៕