ក្រុមអ្នកបោសសំអាតអនាម័យ ថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើនចំពោះការទុកដាក់សំរាម

វិទ្យុជាតិកម្ពុជា៖ ប៉ុង សុភាវី ១០ វិច្ឆិកា ២០១៩៖

ក្រុមអ្នកបោសសំអាតអនាម័យ អះអាងថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើនចំពោះការទុកដាក់សំរាមនៅក្នុងធុងសំរាម ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាឆ្នាំនេះ។

លោកស្រី ឆាន ជឿន ក្រុមអ្នកថែរក្សាបរិស្ថាន និងអនាម័យនៅតំបន់កម្សាន្តកោះពេជ្រ បានប្រាប់វិទ្យុជាតិកម្ពុជាថា ប្រជាពលរដ្ឋដែលមកលេងកម្សាន្ដនៅតំបន់អភិវឌ្ឍន៍កោះពេជ្រ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាឆ្នាំនេះមានការយល់ដឹងខ្ពស់ ចំពោះបញ្ហាថែរក្សាអនាម័យ និងបរិស្ថាន ពិសេសការទុកដាក់សំរាម ដោយពួកគាត់មានការវេចខ្ចប់សំរាម និងដាក់ក្នុងធុងសំរាមបានយ៉ាងត្រឹមត្រូវ ក្រោយពេលដែលពួកគាត់បានបរិភោគចំណីអាហាររួចរាល់។ 

សំឡេង៖ «សំរាមអត់សូវមានទេសាហ្នឹងហ្អ៎ ហើយអ្នកដើរមកលេងហ្នឹងឱ្យដាក់សំរាមឲ្យបានត្រឹមត្រូវកុំឱ្យពាសវាលពាសកាល កុំឲ្យខ្ញុំពិបាកសំអាត»។

ចំណែកលោក ខែម រ៉ាទី ជាយុវជនក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា កត់សម្គាល់ថា ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ មានការយកចិត្តទុកដាក់ខ្ពស់នឹងការទុកដាក់សំរាម ដើម្បីនាំមកនូវអនាម័យបរិស្ថានល្អ នៅពេលបុណ្យអុំទូកនេះ ខណៈក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តអប់រំ ផ្សព្វផ្សាយ ដើម្បីចូលរួមធ្វើឲ្យ ពលរដ្ឋយល់ដឹងអំពីផលប៉ះពាល់នៃសំរាម។

សំឡេង៖ ទាក់ទងទៅនឹងសកម្មភាពរបស់យុវជន ស.ស.យ.ក រាជធានីភ្នំពេញ បាននឹងកំពុងចូលរួមចលនាបំផុសបំផុលបងប្អូនប្រជាពលរដ្ឋយើងឲ្យចូលរួមថែរក្សាអនាម័យនៅក្នុងទីក្រុងរបស់យើង ក្នុងពេលបុណ្យអុំទូកដែលដោយយើងបានចែកចេញជាស្ដង់ជាច្រើន ក្នុងការចូលរួមពន្យល់ពួកគាត់ឲ្យពួកគាត់យល់ដឹងអំពីការទុកដាក់សំរាមក្រោយពីគាត់បរិភោគរួចទាំងសម្រាប់ប្រភេទប្លាស្ទិក ប្រភេទដប និងប្រភេទផ្សេងៗទៀតឲ្យគាត់ចេះទុកដាក់សំរាមឱ្យបានល្អ ពីព្រោះថាយកតាមបទពិសោធន៍របស់យើងកន្លងមកជាទូទៅក្រោយពេលពិធីបុណ្យធំៗមិនថាពិធីបុណ្យអុំទូកទេ គឺបុណ្យផ្សេងៗទៀតឲ្យតែមានកម្មវិធីនៅក្នុងរាជធានីភ្នំពេញ យើងមានការចោលសំរាមពាសវាលពាសកាលជាច្រើន ដែលជាហេតុប៉ះពាល់ដល់សោភណភាពក្នុងទីក្រុងរបស់យើងផងដែរ។ ឆ្នាំនេះគឺជាឆ្នាំដំបូងដែលយើងដាក់ចេញជាគោលការណ៍មួយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយល់ដឹងពីការទុកដាក់សំរាម ហើយបើសិនជាគាត់ចោលក៏មានការថយចុះជាងមុន»។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ពង្រាយធុងសំរាមចំនួន១.៥៥៦ធុង និងកម្លាំងប្រមូលសំរាមចំនួនជាង៩០០នាក់ សម្រាប់ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីកុំឲ្យមានសំរាមនៅតាមទីសាធារណៈ និងកន្លែងកម្សាន្តនានា បន្ទាប់បានព្យាករថា នឹងមានកំណើនអ្នកចូលរួមរហូតដល់ជាង៦លាន៦សែននាក់៕