ប្រជាពលរដ្ឋគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ែន​ វុទ្ធី​៖

ប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋ មិនមានបារម្ភពីបញ្ហាអសន្តិសុខណាមួយកើតឡើង។ អ្នកយកព័តមានយើងធ្វើសេចក្តីរាយការណ៍
ប្រជាពលរដ្ឋជាច្រើនដែលបានមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះបានបង្ហាញអារម្មណ៍សប្បាយរីករាយ ខណៈដែលរាជធានីភ្នំពេញមានការប្រែមុខមាត់ស្រស់ស្អាតខុសពីឆ្នាំមុនៗ។
អ្នកស្រី ញ៉ែម សុវណ្ណ ប្រជាពលរដ្ឋមកពីខេត្តកណ្តាល បានមានប្រសាសន៍ថា រាជធានីភ្នំពេញមានការអភិវឌ្ឍខ្លំាង ស្ទើរតែមិននឹកស្មានដល់ បើធៀបនឹងកាលពីមុនដែលមិនសូវមានការអភិវឌ្ឍដូចសមួយបច្ចុប្បន្ន។ អ្នកស្រី បន្តថា ការរីកចម្រើននេះស្តែងចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល។ អ្នកស្រីបានបញ្ជាក់ថា ទីក្រុងភ្នំពេញសព្វថ្ងៃនេះកាន់តែមានសំណងអគារខ្ពស់ៗ សួនច្បារស្រស់ស្អាត ផ្លូវគមនាគមន៍ខ្វាត់ខ្វែង រួមទំាងមានស្ពានអាកាសជាច្រើនទៀត ដែលបានបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងការធ្វើដំណើរ ការរស់នៅ និងការប្រកបរបអាជីវកម្មផ្សេងៗ។
ចំណែកលោក ខែម រ៉ាទី ជាយុវជនក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងដែរថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់កែលំអរជាច្រើន ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋមិនថារាជធានី ឬ តាមបណ្តាខេត្តឡើយ។ លោកបានសម្តែងការអបអរសារទរ និងគាំទ្រចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសឲ្យមានភាពរីកចម្រើមលើគ្រប់វិស័យ មិនតែប៉ុណ្ណោៈថែមទាំងធ្វើឲ្យបណ្តាប្រទេសជាច្រើននៅពិភពលោកបានមកវិនិយោគនៅប្រទេសក្នុងកម្ពុជាក្រោយពីបានរក្សានូវស្ថិរភាពនយោបាយល្អ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែរៀបចំឲ្យមានព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីការរក្សាប្រពៃណីជាតិ និងបង្ហាញពីការអភិវឌ្ឍនៅរាជធានីភ្នំពេញ មានដូចជា ការស្ថាបនាសួនច្បារ ផ្លូវគមនាគមន៍ ស្ពានអាកាស អគារខ្ពស់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសោភណភាពដែលមានការតុបតែងភ្លើងចម្រុះពណ៌នៅតាមមហាវិថីសំខាន់ៗ និងនៅជុំវិញបរិវេណកន្លែងប្រារព្វពិធី ដើម្បីបង្អួតភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាដើម៕