អគ្គស្នងការនគរបាលជាតិអំពាវនាវឲ្យប្រជាពលរដ្ឋសប្បាយរីករាយកុំមានការព្រួយបារម្ហ ពីសន្តិសុខក្នុងព្រះរាជពីធិបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០១៩ ៖

អគ្គស្នងការនគរបាលជាតិបានអំពាវនាវឲ្យប្រជាពលរដ្ឋសប្បាយរីករាយកុំមានការព្រួយបារម្ហពីសន្តិសុខនៅក្នុងព្រះរាជពីធិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកានេះ ដោយសារតែក្រុមសមត្ថកិច្ចបានពង្រឹងសន្តិសុខសណ្តាប់ធ្នាប់យ៉ាងម៉ឹងម៉ាត២៤ម៉ោងលើ២៤ម៉ោងជូនប្រជាពលរដ្ឋមកលេងកម្សាន្ត។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១០ ខែវិច្ឆិកានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ថា ក្រុមសមត្ថកិច្ចបានពង្រាយនិងដើរល្បាតនៅជុំវិញកន្លែងប្រារព្ធពិធីនិងតំបន់កន្លែងសប្បាយផ្សេងៗ ដើម្បីធានាសន្តិសុខសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋមកលេងកម្សាន្តដោយគ្មានការបារម្ភអ្វីឡើយ ។

និយាយរួមប្រជាពលរដ្ឋក្រឡេកទៅខាងណាក៍ឃើញសមត្ថកិច្ចដែរ កុំមានការព្រួយបារម្ភទេ បើមានបញ្ហាអីចង់ឱ្យសមត្ថកិច្ចជួយគ្រាន់តែដើរប្រាប់សមត្ថកិច្ចដែលដើរល្បាត ឬសមត្ថកិច្ចដែលឈរនៅហ្នឹងលោកអាចរាយការណ៏សុំយោបល់រាយការណ៍ពីព័ត៌មាន ឬក៏សុំទទួលយកព័ត៌មានអ្វីផ្សេងពីខាងយើងខ្ញុំ ហើយយើងមានដើរល្បាតនឹងឈរ ហើយប្រជាពលរដ្ឋក្រឡេកទៅខាងណាក៏មានសមត្ថកិច្ចដែរ ។

តែទោះជាយ៉ាងនេះក្តីឯកឧត្តមជំរុញឲ្យប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យនេះ ក៏ត្រូវរួមសហការជាមួយខាងកម្លាំងសមត្ថកិច្ចដែរតាមរយៈការ ធ្វើដំណើរត្រូវ គោរពច្បាប់ចរាចរណ៍យោគយល់គ្នា ចេះថែរក្សាទ្រព្យរបស់ខ្លួនឯង ពិសេសត្រូវរាយការណ៍ជាបន្ទាន់ទៅសមត្ថិកិច្ចនៅពេលជួបបញ្ហាមិនប្រក្រតីមួយចំនួនដែលបានកើតឡើងដើម្បីអោយសមត្ថកិច្ចមានវិធានការអន្តរាគមន៍បានទាន់ពេលវេលា។

លោកជា សុជាតិ ប្រជាពលរដ្ឋមកពីខេត្តកែប ដែលបានចូលរួមទស្សនាក្នុងព្រះរាជពិធីប្រណាំងទូកនៅរាជធានីភ្នំពេញនេះបានឲ្យដឹងថា ក្រុមសមត្ថកិច្ចបានរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អពិសេសការសម្រួលចរាចរណ៍ចេញចូលក្នុងកន្លែងប្រារព្ធពិធីដែលធ្វើអោយប្រជាពលរដ្ឋធ្វើដំណើរថ្មើជើងប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ ។

សម្លេង ៖ រៀបចំបានល្អ បញ្ហាសន្តិសុខគិតថាវាសុវត្ថិភាពពីព្រោះថាមានសន្តិសុខចឹងទៅ យើងអាចដើរទៅណាមកណាស្រួលជាពិសេស មានភាពងាយស្រួលគាត់អាចជួយយើងបាន និងបិទផ្លូវមិនឲ្យម៉ូតូចេញចូលស្រួលដើរ។

សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលបានដាក់កម្លាំងការពារជាច្រើននាក់ ដើម្បីពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយមិនបារម្ភពីបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើង ៕