ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យគាំទ្រការចាក់បញ្ចាំងភាពយន្តចិនកម្ពុជាដ៏ឆ្នើមលើកទី៤ឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា៖

ខេត្តឧត្តរមានជ័យ ៖ប្រជាពលរដ្ឋ ប្រមាណជាង៦០០នាក់បានចូលរួម ទស្សនា និងគាំទ្រចំពោះការចាក់បញ្ចាំងភាពយន្តចល័តចិនកម្ពុជាដ៏ឆ្នើមលើកទី៤ឆ្នាំ២០១៩ ដែលការចាក់បញ្ចាំងភាពយន្តចល័តចិនកម្ពុជានេះបានរៀបចំឡើងនៅសួនច្បារមុខសាលាខេត្តឧត្តរមានជ័យ។

លោក ផុន ចាន់និល អភិបាលស្តីទីក្រសួងសំរោង ខេត្តឧត្តរមានជ័យ បានស្វាគមន៍នឹងឱ្យតម្លៃខ្ពស់ ចំពោះក្រុមការងារចាក់បញ្ចាំងភាពយន្តចិនកម្ពុជាពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារវិទ្យុមិត្តភាពដែលបាននាំយកភាពយន្តល្អៗមកបញ្ចាំងជូនប្រជាពលរដ្ឋនិងសិស្សានុសិស្សបានទស្សនាកំសាន្តសប្បាយដោយសេរីបន្ទាប់ពីពួកគេសំរាកពីការងារ និងការសិក្សា។ លោកបញ្ជាក់ថា ដោយមានការណែនាំពីឯកឧត្តម ប៉ែន កុសល អភិបាលខេត្ត ឧត្តរមានជ័យ អាជ្ញាធរក្រុងសំរោងបានចាត់កម្លាំង មានសមត្ថកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋមិនឱ្យមានការព្រួយបារម្ភឡើយ។

លោក ផុន ចាន់និល អភិបាលស្តីទីក្រសួងសំរោង ខេត្តឧត្តរមានជ័យ

ជាមួយគ្នានេះដែរ ឯកឧត្តមលឹម សុខតូ អភិបាលរងខេត្តឧត្តរមានជ័យ បានចំណាយពេលដ៏មានតម្លៃក្នុងការពិភាក្សាជាមួយក្រុមការងារការបញ្ចាំងដោយជួយសម្របសម្រួលផ្សព្វផ្សាយដំណឹងដល់សិស្សានុសិស្ស លោកគ្រូអ្នក ប្រជាពលរដ្ឋមកទស្សនាយ៉ាងច្រើន។

ឯកឧត្តមលឹម សុខតូ អភិបាលរងខេត្តឧត្តរមានជ័យ

លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យបានចាត់ទុកថា ព្រឹត្តិ ការ ណ៍នេះបានជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌ចិន និងកម្ពុជាតាមរយៈភាពយន្ត ដ៏ល្អ និងបានបង្កប់នូវការអប់រំកំសាន្តសប្បាយ ពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជាចិន ឱ្យកាន់តែរឹងមាំ។

លោក ហុង យឿន

យុវជន ផាន់ ភារម្យ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យតេជោសែនសំរោងដែលបានមកទស្សនាភាពយន្តនេះដែរបានឱ្យដឹងថា ចាក់បញ្ចាំងភាពយន្តចិនខ្មែរនេះ គឺជាការល្អមួយ បានជំរុញឱ្យមានការផ្លាស់ប្តូរគំនិតរវាងប្រជាជន និងប្រជាជនក្នុងន័យស្វែងរកការអភិវឌ្ឍ និងចំណេះដឹងថ្មីៗសម្រាប់ខ្លួនឯង និងសង្គមជាតិ។

 

យុវជន ផាន់ ភារម្យ

ចំណែកឯ កញ្ញាវណ្ណា នាវណ្ណ ជាសិស្សថ្នាក់ទី១២ ម្នាក់ទៀត ក៏បានសម្តែងការ សប្បាយរីករាយនៅពេល បានទស្សនា ភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមនេះ ព្រោះមានភាពកប្លែង  ការស៊ូ និងអប់រំកុំអោយមានអំពើហឹង្សាក្នុងគ្រួសារជាដើម ដោយកញ្ញាប្តេជ្ញាខិតខំរៀនសូត្រដកស្រង់បទពិសោធន៍ល្អៗពីភាពយន្តនេះ ទៅអភិវឌ្ឍខ្លួនឯង និងសង្គមជាតិឱ្យរីកចំរើន។

កញ្ញាវណ្ណា  ណាវណ្ណ

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤ឆ្នាំ២០១៩នេះរៀបចំឡើងដោយស្ថានទូតចិនប្រចាំកម្ពុជាបានសហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយ៍វិទ្យុទូរទស្សន៍មជ្ឈិមចិន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រទេសកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ជាពិសេសវិស័យវប្បធម៌ និងភាពយន្ត៕