អុំទូកឆ្នាំ២០១៩នេះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ផ្តល់ការធ្វើតេសឈាមរកមេរោគអេដស៍ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ក្នុងឱកាសបុណ្យអុំទូកឆ្នាំ២០១៩នេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេសដ៍​ប្រចាំកម្ពុជា សហការជាមួយដៃគូបានបើកយុទ្ធនាការធ្វើតេសឈាមរកមេរោគអេដស៍ និងចែកស្រោមអនាម័យជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ហើយអប់រំ និងផ្តល់សេវាថែទាំសុខភាព។

ប្រាប់វិទ្យុជាតិកម្ពុជានាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ  អកអំបុក  លោកស្រីសុខ មុនីសត្ថាជាបុគ្គលិកអប់រំផ្សព្វផ្សាយ  របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានឱ្យដឹងថា បុណ្យ​អុំទូកឆ្នាំនេះ ក៏ដូចឆ្នាំមុនៗដែរ អង្គការរបស់លោកស្រីបានផ្សព្វផ្សាយ និងចែកខិតប័ណ្ណដើម្បីឱ្យប្រជាពលដ្ឋ និងកីឡាករទូកមកចូលរួមធ្វើតេសឈាមរកមេរោគអេដស៍ និងទទួល ស្រោម​អនាម័យដោយឥតគិតថ្លៃនៅក្នុងស្តង់ត្រើយខាងកើតទន្លេ ដោយមានបុគ្គលិកជំនាញចាំផ្តល់ប្រឹក្សាយោបល់។

លោកស្រី បានបញ្ជាក់ថា ការធ្វើតេសឈាមរកមេរោគអេដស៍នេះធ្វើឡើងដោយរក្សាការសម្ងាត់ ហើយចំណាយត្រឹមតែ១៥នាទីប៉ុណ្ណោះ។ ការធ្វើតេសឈាមរកមេរោគអេដស៍នេះ មានសារៈសំខាន់​ណាស់ដោយផ្តល់ទំនុកចិត្តពេលទទួលបានលទ្ធផលមិនមានផ្ទុកមេរោគអេដស៍  ។ ប៉ុន្តែបើរកឃើញថា មានកើតជំងឺអេដស៍ អង្គការនិងផ្តល់ការប្រឹក្សាអប់រំកុំធ្វើការចម្លងទៅអ្នកដទៃ ។

សូមបញ្ជាក់ថា សម្រាប់ព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អក​អំបុក​​ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០១៩នេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំកម្ពុជា និងដៃគូសហការសរុបចំន៤អង្គការ បានរៀបចំស្តង់ចំនួន២កន្លែងនៅ​សួនច្បារត្រើយខាងកើតទន្លេ  និងមានបុគ្គលិកចុះអប់រំផ្សផ្វផ្សាយតាមរម៉កកង់បីនៅ តាមសួនច្បារ​​​កន្លែងស្នាក់នៅរបស់កីឡាករទូក កន្លែងតាំងពិព័រណ៍ជាដើម៕