ត្រៀមកម្មករជាង៤០០នាក់ និងឡាន៦គ្រឿងសម្រាប់បោស និងលាងសម្អាតតាមសួនច្បារនៃព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ព្រះរាជពិធីបុណ្យអំទូក ឆ្នាំនេះ ដោយមានកិច្ចសហការពីក្រុមយុវជន ស ស យ ក មន្ទីរសាធារណការ បានត្រៀមកម្មករ និងអ្នកចូលរួមប្រមាណ៤២៦នាក់ និងឡានចំនួន៦គ្រឿង សម្រាប់ដើររើស ប្រមូលសម្រាម និងលាងសម្អាត តាមសួនច្បារ និងតំបន់មួយចំនួនទៀតនៃព្រះរាជពិធីបុណ្យអុំទូក ។ លោក បន្តថា ក្រុមការងារនេះ នឹងធ្វើការបោសសំអាត និងប្រមូលសម្រាម ចាប់ ពី ម៉ោង១២យប់ មកដល់ម៉ោង៧ព្រឹកអោយបានរួចរាល់ ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា បងប្អូនកម្មករទាំងនេះ ធ្វើការបោសសំអាត និងដាក់វេណប្រចាំការ ដេកលើសួនច្បារ រងចាំប្រជាពលរដ្ឋហូបចុក និង កំសាន្តសប្បាយរួច ទើបងើបឡើងបោសសំអាត ។

គួររំលឹកថា សម្រាប់រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអំទូកឆ្នាំកន្លងទៅប្រជាពលរដ្ឋបានបន្សល់ទុកសម្រាមរាយប៉ាយតាមសួនច្បារ និងទីសាធារណៈនានា ជិត៦ពាន់តោន ដែល ត្រូវបានបោស កើប និងដឹកប្រមូលចេញយកទៅ ចាក់ចោលនៅទីលាន ចាក់សម្រាម ក្នុង ខណ្ឌ ដង្កោ ដែលសម្រាប់ថ្ងៃធម្មតា ប្រជាពលរដ្ឋរាជធានីភ្នំពេញ បានផលលិត សម្រាមជាង១ពាន់តោនតែប៉ុណ្ណោះ ។