Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកឡើងថា ការរៀបចំពិធីអកអំបុក គឺដើម្បី អបអរសាទរថ្ងៃឯករាជ្យជាតិ និងរួមគ្នាការពារជាតិ សាសនា ព្រះមហាក្សត្រ

Published

on

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានលើកឡើងថា ការប្រារព្ធពិធីអកអំបុក ដែល​អាជ្ញាធររាជធានីភ្នំពេញធ្វើឡើងនេះ គឺចំថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងទ័ពជាតិ  ព្រមទាំងចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធ ធ្វើថ្ងៃ ទី ១០-១១-១២ ខែវិច្ឆិកាខាងមុខ។ ការលើកឡើងរបស់​លោក​​ជំទាវកិត្ដិសង្គហបណ្ឌិតនេះ ក្នុងពិធីអកអំបុក ដែលអាជ្ញាធររាជធានីភ្នំពេញ បានរៀបចំ​ធ្វើនៅរមណីយដ្ឋានវត្ដភ្នំ កាលពីព្រឹកថ្ងៃសៅរ៍ ១៣កើតខែ កត្ដិក ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា ​ក្រោមការដឹកនាំ របស់​រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋ​មន្ដ្រី បានទទួលសុខ សន្ដិភាព ពេញបរិបូរណ៍ និងមានការអភិវឌ្ឍរីកចម្រើន ឈានឡើងលើ  គ្រប់វិស័យ។ ជាមួយគ្នានេះ ប្រជាជនទូទាំងប្រទេស កាន់តែមានជីវភាពល្អប្រសើរឡើង មាន សុភមង្គល និងមានសិទ្ធិ សេរីភាព ពេញលេញ ក្នុងជំនឿសាសនា និងការប្រារព្ធ ពិធីបុណ្យ ជាតិ ប្រពៃណី និងបុណ្យ សាសនាផ្សេងៗ យ៉ាងសប្បាយរីករាយ។ លោកជំទាវកិត្ដិសង្គហ​បណ្ឌិត​បានបន្ដថា ការរៀបចំពិធីអកអំបុក ដើម្បីអបអរសាទរថ្ងៃឯករាជ្យជាតិផង និងដើម្បីរួប​រួម​គ្នាការពារជាតិ សាសនា ព្រះមហាក្សត្រផង។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា  ការរៀបចំពិធីអកអំបុក​នេះ ក្នុងគោលដៅចង់រម្លឹកដល់យុវជនជំនាន់ក្រោយៗ ឱ្យបានយល់កាន់តែច្បាស់ និងស្គាល់​អត្តសញ្ញាណជាតិ ព្រោះថា យុវជនយើងស្ថិតក្នុងបរិបទសម័យថ្មី ជាពិសេសការភ្លេចអត្ត​សញ្ញាណ​ជាតិខែ្មរ។ ឯកឧត្ដមអភិបាលបានបន្ដថា ព្រឹត្តការណ៍នេះក៏បានបង្ហាញពីស្មារតី   សាមគ្គីភាពរឹងមាំរបស់ប្រជាជន នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រ កម្ពុជាទាំងមូល ដែលកំពុងតែសប្បាយរីករាយជាមួយនឹងសុខសន្តិភាព៕

ដោយ សួស សំរិត

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន