រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីហូបអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិនសារ៉ាត ខេត្តកំពង់ចាម៖

ដើម្បី បានជួបជុំគ្នា ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត រួមជាមួយនិងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានដឹកនាំថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន រៀបចំពិធីហូបអំបុកខ្មែរ កាពារជាតិ សាសនា ព្រះមហាក្សត្រ នៅបរិវេណសួនច្បារវាលស្មៅ ខាងមុខសាលាខេត្ត ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ការជួបជុំនេះ គឺមិនត្រឹមតែប្រារព្ធធ្វើនៅទីនេះ នោះទេ តែនៅតាមបណ្ដាស្រុក ទាំង ៩ ទៀត ក៏មានប្រារព្ធពិធីដូចៗគ្នា បែបនេះ ផងដែរ ។ ឯកឧត្ដម បន្តថា ទាំងអស់នេះ គឺអាស្រ័យដោយប្រទេសកម្ពុជា មានថ្នាក់ដឹកនាំល្អ នាំមកនូវសុខសន្តិភាព ហើយយើទាំងអស់គ្នា បានជួបជុំគ្នា ប្រកបដោយទឹកមុខសប្បាយរីករាយ ក្នុងការប្រាស្រ័យទាក់ទងគ្នា ជាពិសេស នៅក្នុងការប្រារព្ធពិធីបុណ្យទាន នានេះ តែម្ដង ។ កត្តាសុខសន្តិភាព នាំមកនូវសេចក្ដីរីករាយ និងការអភិវឌ្ឍ លើគ្រប់វិស័យ ។
ឯកឧត្ដម បន្តថាសុខសន្តិភាព នាំមកនូវកម្រិត របស់បងប្អូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ឈានទៅចាកផុតពីបន្ទាត់ក្រីក្រ ពីមួយថ្ងៃ ទៅមួយថ្ងៃ ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព ដែលមានស្រាប់ ដោយឆ្លងកាត់ការលះបង់ពីបុព្វបុរស ពីថ្នាក់ដឹកនាំ និងយុទ្ធជនទាំងឡាយ ទម្រាំទទួលបានសុខសន្តិភាព នាពេលនេះ ឲ្យគង់វង់ស្ថិតស្ថេរ តទៅអនាគត ។
សូមបញ្ជាក់ដែរថា ពិធីជួបជុំពិសារអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ ខាងលើនេះ ក៏បានរៀបចំកម្មវិធីដាល់អំបុក ពិសារ ឬអកអំបុក ដោយមានចេក ដូង អំបុក ជាដើម ។ ក្រៅពីនោះ ក៏មានការប្រគុំតន្ត្រី និងរាំលេងកំសាន្ត យ៉ាងសប្បាយរីករាយ ផងដែរ ។
ការរៀបចំពិធីពិសារអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើការអំពាវនាវ ដល់ជនរួមជាតិខ្មែរ ទាំងអស់ ជាពិសេស អាជ្ញាធរមូលដ្ឋាន ដើម្បី ដឹកនាំប្រារព្ធពិធីនេះ ព្រមៗគ្នា ក្នុងពេលតែមួយ នាថ្ងៃទី០៩ ខែវិច្ឆិកា នៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ខណៈ ក្រុមឧទ្ទាមក្រៅច្បាប់ បានជ្រើសរើសថ្ងៃនេះ ធ្វើប្រកាសធ្វើរដ្ឋប្រហារទម្លាក់ព្រះមហាក្សត្រ ក៏ដូចជា ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នោះ ៕