ប្រជាពលរដ្ឋរាជធានីភ្នំពេញសប្បាយរីករាយក្នុងព្រឹត្តិការណ៍ទទួលទានអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ

វិទ្យុជាតិកម្ពុជា ៖លោក ហុក សុខរិន ថ្ងៃទី០៩ ខែវិច្ឆកា ឆ្នាំ២០១៩ ៖


ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាង១០ម៉ឺននាក់សប្បាយរីករាយក្នុងព្រឹត្តិការណ៍ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅតាមមូលដ្ឋានរៀងៗខ្លួន នៅថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិនេះ ដើម្បីបង្ហាញពីការ ស្រលាញ់សុខសន្តិភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការថែរក្សាការពារជាតិ សានា ព្រះមហាក្សត្រ។
ថ្លែងនៅក្នុងកម្មវិធីទទួលទានអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រដែលបា្ររធ្វើឡើងនៅបរិវេណរម្មណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំនាព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នៅរាជធានីភ្នំពេញបានរៀបចំទីតំាងទទួលទានអំបុកផ្សេងៗគ្នារហូតដល់ជិត៩០០ទីតំាង ដូចជានៅតាមភូមិ សង្កាត់ ខណ្ឌ សាលារៀន វត្តអារាម មន្ទីរ អង្គភាពនានា ដែលមានអ្នកចូលរួមរហូតដល់ជាង១០ម៉ឺននាក់ ខណៈដែលកម្រិតសាលារាជធានីភ្នំពេញវិញបានរៀបចំនៅរមណីដ្ឋានវត្តភ្នំដែលមានអ្នកចូលរួម ជាង២ពាន់នាក់។ ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការនេះម្នាក់ៗ បានសម្តែងការសប្បាយរីករាយជាមួយការទទួលទានអំបុក ការរំាកម្សាន្ត និងការទស្សនាការ សម្តែងសិល្បៈបុរាណសម័យនិងទិដ្ឋភាពដាលអំបុកបែបប្រពៃណីខ្មែរនៅជនបទ។ ឯកឧត្តម បន្ថែមថា ពិធីទទួលទានអំបុកដ៏សែនសប្បាយរីករាយនេះបានធ្វើឡើងក្នុងឱកាសដែល ប្រជាពលរដ្ឋកម្ពុជាកំពុងរីករាយទទួលអំណរសាទរបុណ្យឯករាជ្យជាតិលើកទី៦៦ (៩វិច្ឆិកា ១៩៥៣ ៩វិច្ឆិកា២០១៩) និងខួបលើកទី៦៦ ថ្ងៃកំណើតកងយោធពលខេមរភូមិ និងការត្រៀមខ្លួន ចូលរួមសប្បាយរីការក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ពិសេសបានបង្ហាញនូវអត្ថន័យដ៏ត្រចះត្រចង នៃភាពសុខដុមរម្យនារបស់ប្រជាពលរដ្ឋខ្មែរទំាង ក្នុងនិងក្រៅប្រទេសក្នុងស្មារតីឯកភាពជាតិ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក្រោមម្លប់ សុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ។
«ក្នុងពិធីទទួលទានអំបុកនៅថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពមួយរួមថែរក្សាការពារ ប្រពៃណីដ៏ល្អផូផង់របស់បុព្វបុរសយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងជាសារមួយប្រកាសប្រាប់ក្រុម ឧទ្ទាមមួយក្តាប់តូចដឹកនាំដោយលោកសមរង្ស៊ីថា ពួកយើងមិនគាំទ្រហើយប្រឆំាងដាច់ខាត ចំពោះនយោបាយប្រជាវិថុត និងចេតនាធ្វើរដ្ឋបាលដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ពួកយើងនៅតែមិន អាចទទួលយកបាននូវការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះ ចំពោះអង្គព្រះមហាក្សត្រជាទីសក្ការៈនៃយើងទំាងអស់គ្នា។ ព្រោះថាការប្រមាថព្រះមហាក្សត្រ គឺស្មើនឹងការប្រមាថប្រជាពលរដ្ឋខ្មែរទំាងមូល ចាំបាច់យើងត្រូវរួបរួមគ្នា ដើម្បីការពារជាតិសាសនាព្រះមហា ក្សត្រ ដូចដែលអ្វីដែលប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវនាពេលកន្លងមក។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការ ដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានទទួលសុខសន្ដិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យ ហើយប្រជាជនទូទាំងប្រទេសកាន់តែមានជីវភាពល្អប្រសើរឡើង មានសុភមង្គល និងមានសិទ្ធិសេរីភាពពេញលេញ ក្នុងជំនឿសាសនា និងការប្រារព្ធពិធីបុណ្យជាតិ ប្រពៃណី និងបុណ្យសាសនាផ្សេងៗយ៉ាងសប្បាយរីករាយ។
លោកជំទាវបន្ថែមថា ការរៀបចំពិធីអកអំបុកនាពេលនេះ ដើម្បីអបអរសាទរថ្ងៃឯករាជ្យជាតិផង និងដើម្បីរួបរួមគ្នាការពារជាតិ សាសនា ព្រះមហាក្សត្រផង ពិសេស ដើម្បីទប់ស្កាត់ជនក្បត់ជាតិមួយចំនួន ដែលមានបំណងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កចលាចល អសន្តិសុខ និងវិនាសកម្មដល់ប្រទេសជាតិយើង។
ម៉្យាងទៀត ក៏ចង់ក្រើនរំលឹកដល់យុវជនជំនាន់ក្រោយៗទៀតឲ្យបានយល់កាន់តែច្បាស់ និងស្គាល់អត្តសញ្ញាណជាតិផងដែរ ព្រោះថា យុវជនយើងស្ថិតក្នុងបរិបទសម័យថ្មី យុវជនខ្លះគាត់ទំនើបពេកទៅគាត់ស្គាល់របៀបអឺរ៉ុបច្រើនជាងក៏ភ្លេចអត្តសញ្ញាណជាតិ។ ពេលនេះគឺពួកគាត់អាចស្វែងយល់បន្ថែមទៀតអំពីប្រវត្តិ និងប្រពៃណីពីបុរាណរបស់ខ្មែរយើង និងបានស្គាល់អំពីរបៀបដាល់អំបុក ឬក៏ការធ្វើអំបុក កាន់តែច្បាស់ ។ យើងទាំងអស់អស់គ្នា ត្រូវ រួមគ្នាថែរក្សា និងអភិរក្សនូវអ្វីដែលជាមរតករបស់ដូនតាខ្មែរឲ្យនៅស្ថិតស្ថេរគង់វង្ស ផងដែរ ។ លើសពីនេះទៀត ព្រឹត្តការណ៍នេះក៏ពិតជាការបង្ហាញពីស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជននៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាយើង ដែលកំពុងតែសប្បាយរីករាយនឹង សុខសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន។
​ សូមបញ្ជាក់ថា​ អំបុក គឺជាអាហារប្រពៃណីមួយប្រភេទដែលបុព្វបុរសខ្មែរកែច្នៃ មិនតែជាដង្វាយ ដែលមិនអាចខ្វះបានថ្វាយដល់ដួងព្រះចន្ទនារាត្រី១៥កើតខែកក្តិកជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអាហារក្រៀមដ៏ឈ្ងុយឆ្ងាញ់ពិសារ សម្រាប់ទទួលទាននារដូវទឹកស្រកឬបន្ទាប់ពីប្រមូល ផលស្រូវពីដើមដៃ៕